(កំពង់ធំ)៖ នៅទីបំផុត! ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា បានចេញដីកាសម្រេចប្រគល់ត្រាក់ទ័រទាំង២គ្រឿងជូនទៅប្រជាពលរដ្ឋជាម្ចាស់ទាំង២នាក់វិញហើយ បន្ទាប់ពីមានការសម្របសម្រួលប្រកបដោយការយកចិត្តទុកដាក់។

យោងតាមដីកាសម្រេចរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាក់ថា ដើម្បីជៀសវាងការខូចខាតគុណភាព និងតម្លៃនៃត្រាក់ទ័រ ព្រមទាំងជៀសវាងការខូចផលប្រយោជន៍ធ្ងន់ធ្ងររបស់កម្មសិទ្ធិករ ដូចនេះតំណាងអយ្យការយល់ឃើញថា គប្បីប្រគល់ត្រាក់ទ័រទាំង២គ្រឿងជូនទៅម្ចាស់ដើមវិញ។

ប្រជាពលរដ្ឋដែលជាម្ចាស់ត្រាក់ទ័រនេះ ទី១. មានឈ្មោះ ផន ភឿន និងប្រពន្ធឈ្មោះ សន ប៉េន រស់នៅភូមិតាមុំ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ទី២. មានឈ្មោះ លាម ឈាន់ និងប្រពន្ធឈ្មោះ ឈយ ធូ រស់នៅក្នុងភូមិតាមុំ ឃុំដូង ដូចគ្នា។

ថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ធំ នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋម្ចាស់ត្រាក់ទ័រទាំង ២ នាក់ បានបញ្ជាក់ថា ពួកគាត់បានទទួលត្រាក់ទ័រយកមកដល់ផ្ទះវិញហើយ បន្ទាប់ពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត ចេញដីកាសម្រេចប្រគល់ត្រាក់ទ័រឱ្យមកពួកគាត់វិញ នៅថ្ងៃទី០៦ ខែសីហា ម្សិលមិញ តែដោយសារពេលយប់ទៅហើយ ក៏រង់ចាំទៅទទួលត្រាក់ទ័របើកយកមកផ្ទះវិញនៅថ្ងៃនេះតែម្ដង។

ជាមួយនឹងការរីករាយក្នុងចិត្ត ប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណចំពោះ ព្រះរាជអាជ្ញារង លោក សាយ វាសនា ផងដែរ ដែលបានជួយសម្របសម្រួលជូនពួកគាត់ ដើម្បីទទួលបានត្រាក់ទ័រយកមកផ្ទះវិញ។

ជាមួយគ្នានោះដែរ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា ក៏បានបដិសេធចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋដែលបាននិយាយថា ខាងព្រះរាជអាជ្ញាបានតម្រូវឱ្យបង់ប្រាក់ជាថ្នូរនឹងការប្រគល់គ្រឿងចក្រមកឱ្យប្រជាពលរដ្ឋមកវិញ ពោលគឺស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ធំ មិនបានដឹងឮរឿងនេះឡើយ៕