(បន្ទាយមានជ័យ)៖ ចោរ៤នាក់ចេញធ្វើសកម្មភាពដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅតាមភូមិ ត្រូវនគរបាលនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងភូមិសាស្ត្រនៃក្រុងប៉ោយប៉ែត នៅវេលាម៉ោង ១០៖៣០នាទីព្រឹក ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា ក្រោយពីទទួលពាក្យបណ្តឹងពីឈ្មោះ មេន មៀត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ លក់ដូរថា មានចោរបានលូលលួចម៉ូតូកង់បីចំនួន២គ្រឿងរបស់គាត់ភ្លាមៗ លោកបានដឹកនាំកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ចុះស្រាវជ្រាវតាមកាម៉ារ៉ាសុវត្ថិភាព ដែលចោរ បានធ្វើសកម្មភាពលួចយកម៉ូតូ ដែលមានរូបភាពក្នុងកាម៉ារ៉ាសុវត្ថិភាពឈានដល់ឃាត់ឃាត់ខ្លួនជនសង្ស័យបាន ៤នាក់ នៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ជនសង្ស័យទាំង៤នាក់ រួមមាន ១៖ មានឈ្មោះ ស៊ុន សុខា ហៅ ហ៊ា ភេទប្រុស អាយុ២៦ឆ្នាំ ២៖ឈ្មោះ ម៉ៅ ឡុង ភេទប្រុស អាយុ១៨ឆ្នាំ ៣៖ ឈ្មោះ សុខ ថេត ភេទប្រុស អាយុ៣៦ឆ្នាំ ៤៖ ឈ្មោះ សុខ ធី ភេទប្រុស។

ជនសង្ស័យទាំង៤នាក់ ស្នាក់នៅភូមិអូរនាងសង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត។ លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ជនសង្ស័យទាំង៤នាក់នេះ ឆ្លងតាមការពិនិត្យសំណាករកមេរោគកូវីដ១៩ គឺអវិជ្ជមាន ប៉ុន្តែតែពិនិត្យរកសារធាតុញៀនគឺវិជ្ជមានទាំង៤នាក់ បានសេចក្តីថា ទាំង៤នាក់សុទ្ធតែអ្នកជក់ថ្នាំញៀនទាំងអស់។

ក្នុងនោះគរបាល បានដកហូតម៉ូតូកង់បី ដែលជនសង្ស័យបានលួចយកទាំង២គ្រឿង។ ជនសង្ស័យទាំង៤នាក់ ត្រូវកម្លាំងនគរបាលជំនាញកំពុងរៀបចំសំណុំរឿង ដើម្បីបញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្តដើម្បីចាត់ការបន្តតាមច្បាប់។ ចំណែកម៉ូតូរបស់ជនរងគ្រោះ នឹងស្នើសុំការអនុញាតិពីលោកឧត្តមសេនីយ៍ស្នងការ ប្រគល់ជូនម្ចាស់ដើមវិញផងដែរ៕