(ត្បូងឃ្មុំ)៖ លោក ហ៊ួត លៀង ជាកសិករចិញ្ចឹមគោម្នាក់ រស់នៅក្នុងខេត្តត្បូងឃ្មុំ ដោយទទួលបានការបណ្ដុះបណ្ដាលពីមន្រ្តីជំនាញនៃមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ អំពីបច្ចេកទេសចិញ្ចឹម និងបង្កាត់ពូជគោ បែបលក្ខណៈបច្ចេកទេស។

កសិករវ័យ ៥០ឆ្នាំរូបនេះ បានឱ្យដឹងថាកន្លងមក លោកចិញ្ចឹមគោតាមបែបប្រពៃណី ដូចជាការលែងឱ្យគោស៊ីស្មៅ ដោយខ្លួនឯង នៅតាមវាលស្រែ និងចម្ការ និងការបណ្ដោយឱ្យគោបន្តពូជខ្លួនឯងជាដើម។ ការធ្វើបែបនេះ មិនបានធ្វើឱ្យការចិញ្ចឹមគោ របស់លោកប្រសើរនោះទេ ទើបលោកប្ដូរមកចិញ្ចឹមគោ បែបលក្ខណៈបច្ចេកទេសវិញ។

លោក ហ៊ួត លៀង បានបញ្ជាក់ថា ការចិញ្ចឹមគោបច្ចេកទេស ធ្វើឱ្យការចិញ្ចឹមគោ របស់លោកកាន់តែប្រសើរឡើង។ «ខ្ញុំធ្លាប់គិត ចង់បោះបង់នៅឆ្នាំ២០១៦ ព្រោះមិនចំណេញ»

លោកបានរៀបរាប់ដូច្នេះ «នៅឆ្នាំ២០១៦ ខ្ញុំបានទទួលការណែនាំជាបន្តបន្ទាប់ ពីមន្ទីរកសិកម្មខេត្ត ពីរបៀបចិញ្ចឹមគោតាមបច្ចេកទេស។ ការចិញ្ចឹមគោ របស់ខ្ញុំកាន់តែប្រសើរ ខ្ញុំអាចលក់គោ២ ទៅ៣ដង ក្នុងមួយឆ្នាំ»

លោក ហ៊ួត លៀង បានប្រែក្លាយជាអ្នកចិញ្ចឹមគោ លក្ខណៈគ្រួសារ ទៅជាការចិញ្ចឹមបែបអាជីវកម្ម។ ក្រៅពីចិញ្ចឹមខ្លួនឯង លោក លៀង បានទិញគោពីកសិករផ្សេង សម្រាប់បំប៉នបន្ថែម និងលក់បន្ត។ គោ ដែលលោក លៀង ទិញមកបំប៉ន ក្នុងតម្លៃ១៣,៨០០រៀល ក្នុងមួយគីឡូក្រាម និងលក់ទៅវិញ ក្នុងតម្លៃ ១៤,៥០០រៀល ក្នុងមួយគីឡូក្រាម។

មុខរបរចិញ្ចឹមគោ តាមបែបបច្ចេកទេស បានធ្វើឱ្យគ្រួសារលោក ហ៊ួត លៀង មានជីវភាពប្រសើរឡើង។ លោកគ្រោងចិញ្ចឹមគោបន្ថែមឱ្យបាន ៨០០ក្បាល ត្រឹមឆ្នាំ២០២៥ ខណៈបច្ចុប្បន្ន លោកមានគោជាង ៤០០ក្បាល ក្នុងកសិដ្ឋានចិញ្ចឹមគោ ដែលមានផ្ទៃដីសរុប ១៨ហិកតា។

គួរឱ្យដឹងដែរថា ការចិញ្ចឹមគោ បែបលក្ខណៈបច្ចេកទេស និងការបង្កាត់ពូជគោ-ក្របី ដោយសិប្បនិម្មិត មានអត្ថប្រយោជន៍ច្រើន ជាជាងការចិញ្ចឹមតាមបែបប្រពៃណី។ វិធីបង្កាត់ពូជសិប្បនិម្មិតនេះ ជួយធ្វើឱ្យកូនគោ ដែលកើតមក មានគ្រោងឆ្អឹងធំ ឆាប់ធំធាត់ មិនងាយឈឺ គ្មានជំងឺតពូជ និងឱ្យកសិករចំណេញពេលវេលា៕