(ភ្នំពេញ)៖ ស្ថានទូតសហព័ន្ធរុស្ស៉ីប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ បានថ្លែងសារអបអរកម្ពុជា ដែលបានក្លាយជាអ្នកសម្របសម្រួលភាព ជាដៃគូសន្ទនា អាស៊ាន-រុស្ស៉ី ក្នុងរយៈពេល ២០២១-២០២៤។

តាមរយៈ Facebook, ស្ថានទូតរុស្ស៉ី បានថ្លែងសារបញ្ជាក់យ៉ាងដូច្នេះថា៖ «កាលពីថ្ងៃទី៤ ខែសីហា អំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៉ី ប្រទេសកម្ពុជា បានទទួលបន្ទុកកាតព្វកិច្ច នៃអ្នកសម្របសម្រួលអាស៊ាន សម្រាប់ភាពជាដៃគូសន្ទនា (អាស៊ាន-រុស្ស៉ី) ក្នុងរយៈពេល ២០២១-២០២៤។ ស្ថានទូតរុស្ស៉ីនៅកម្ពុជា សូមជូនពរកម្ពុជា ឲ្យទទួលបានជោគជ័យក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសយើង និងសមាគមអាស៊ាន»

ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-រុស្ស៊ី កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ប្រទេសកម្ពុជាបានក្លាយជាអ្នកសម្របសម្រួលភាពជាដៃគូសន្ទនា អាស៊ាន-រុស្ស៉ី ចាប់ពីឆ្នាំ២០២១-២០២៤ ( the ASEAN Country Coordinator for ASEAN-Russia Dialogue Relations 2021-2024) បន្តពីប្រទេសឥណ្ឌូនេស៉ី។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ កម្ពុជា បានអះអាងជាថ្មី អំពីការត្រៀមលក្ខណៈរួចរាល់ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងអាស៊ាន-រុស្ស៊ី និងធ្វើកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនានា ដែលអាចអនុវត្តបាន និងបានលើកទឹកចិត្តឱ្យមានការតភ្ជាប់សេដ្ឋកិច្ច បន្ថែមទៀត តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៉ី (ASEAN-EAEU) ឆ្នាំ២០២០-២០២៥ និងផែនការសកម្មភាពគ្រប់ជ្រុងជ្រោយថ្មី ឆ្នាំ២០២១-២០២៥៕