(ត្បូងឃ្មុំ)៖ បន្ទាប់ពីមានការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលសម្រេចបិទច្រកព្រំដែនទាំងអស់ ជាមួយប្រទេសវៀតណាម ដោយឡែកខេត្តត្បូងឃ្មុំ ដែលជាខេត្តមួយជាប់ព្រំប្រទល់ មានច្រកព្រំដែនចំនួន៧ រដ្ឋបាលខេត្តបានបន្តរឹតបន្តឹងយ៉ាងខ្លាំង ដោយមិនអនុញ្ញាតឱ្យប្រជាជនប្រទេសទាំង ២ឆ្លងជាដាច់ខាត ខណៈអនុញ្ញាតឱ្យតែមានការផ្លាសប្តូរទំនិញគ្នាជាធម្មតា នៅចំនុចសូន្យ តែប៉ុណ្ណោះ។

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំបានឱ្យដឹងថា អាជ្ញាធរខេត្តបានដាក់កម្លាំងយាមយ៉ាងតឹងរឹង តាមច្រកព្រំដែនទាំងអស់ បូកទាំងច្រករបៀងផង ដើម្បីទប់ស្កាត់ការលួចឆ្លងដែនរបស់ប្រជាជនប្រទេសទាំង២ តែចំពោះការផ្លាសប្តូរទំនិញគ្នាគឺនៅធ្វើជាធម្មតា។

បើតាមលោក ផាន់ គឹមសន ប្រធានច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក បានឱ្យដឹងថា សព្វថ្ងៃនេះសម្រាប់ការធ្វើចរាចទំនិញ គឺនៅអនុវត្តធម្មតាទាំងខាងកម្ពុជា និងវៀតណាម ដោយផ្លាសប្តូរអ្នកបើកបរ និងក្បាលរថយន្តនៅចំណុចសូន្យជាមួយនឹងការបាញអាល់កុលមិនផ្លាសប្តូរគ្នា។

លោកបន្តថា ក្រោយមានបទបញ្ជារបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ខាងមន្រ្តីមានសមត្ថកិច្ច គឺបានដាក់កម្លាំង ២៤ម៉ោង ដើម្បីយាមកាមក្នុងនោះខាងវៀតណាម ក៏ដាក់កម្លាំងទប់ដូចគ្នាដែរ។

ដូចគ្នានោះដែរ លោក មួន សុភាព ប្រធានច្រកទ្វារព្រំដែនទ្វេភាគីដារ ក្នុងស្រុកមេមត់ បានឱ្យដឹងផងដែរថា ក្រោយមានបទបញ្ជារបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ខាងមន្ត្រីមានសមត្តិកិច្ច បានដាក់កម្លាំង២៤ម៉ោង ដើម្បីយាមកាម ទប់ស្កាត់ការការលួចឆ្លងដែនរបស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ក្នុងការទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩។

ប្រធានច្រកទ្វារព្រំដែនទ្វេរភាគីដាររូបនេះ បានបញ្ជាក់ទៀតថា ចំពោះការចរាចទំនិញគឺនៅតែបន្តរចរាចរនាំចេញនឹងនាំចូលជាធម្មតា ទាំងខាងកម្ពុជានឹងខាងវៀតណាម តែតម្រូវឱ្យអនុវត្តនូវវិធានការបស់ក្រសួងសុខាភិបាល នៃប្រទេសទាំងពី ដោយផ្លាស់ប្ដូរអ្នកបើកបររថយន្តនៅចំណុចសូន្យជាមួយការបាញ់ថ្នាំសម្លាប់មេរោគលើរថយន្ដ នឹងបាញ់អាកុលជាប្រចាំ មុននឹងធ្វើការផ្លាស់ប្ដូររថយន្ដរវាងគ្នានឹងគ្នាតែមួយរយៈពេលចុងក្រោយនេះគឺមានការធ្លាក់ចុះបន្តិច ខណៈការធ្លាក់ចុះនេះមិនមែនដោយសារការរិតបន្តឹងនោះទេ គឺដោយសាររដូវនេះកសិផលរបស់ខ្មែរ មិនសូវមាននាំចេញ៕