(កោះកុង)៖ វ៉ាក់សាំងការពារជំងឺកូវីដ ប្រភេទ AstraZeneca ចំនួន៣៧៦៩ដូស ត្រូវបានដឹកតាមឧទ្ធម្ភាគច្រក មកដល់ទឹកដីខេត្តកោះកុងហើយ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ក្រោមការទទួលពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លោក វេជ្ជបណ្ឌិត ទៅ មុឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង និងក្រុមការងារកិច្ចការចាក់វ៉ាក់សាំងកូវីដ១៩ ខេត្ត។

លោកវេជ្ជបណ្ឌិត ទៅ មុឹង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៧ ខែសីហានេះថា «អនុគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានទទួលវ៉ាក់សាំង AstraZeneca ពីក្រសួងសុខាភិបាល ចំនួន៣៧៦០ដូស សម្រាប់រៀបចំចាក់ជូនមន្ត្រីរាជការជួរមុខដូសលើកទី៣ ដូសជំរុញ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារការឆ្លងកូវីដ១៩»

លោកវេជ្ជបណ្ឌិតបានបន្ថែមថា ការរៀបចំចាក់វ៉ាក់សាំងដូសលើកទី៣នេះ គឺអនុកម្មការរៀបចំចាក់ជូនមន្ត្រីជួរមុខមុនគេ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារការឆ្លងជំងឺកូវីដ១៩ ពីព្រោះកងកម្លាំងមានភារកាតព្វកិច្ចការពារខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-ថៃ ដែលមន្ត្រីជួរមុខទាំងអស់នោះ គឺគាត់មានការប្រឈមខ្លាំងជាងគេក្នុងការដែលពលករខ្មែរវិលត្រឡប់ពីប្រទេសថៃ ចូលស្រុកវិញ ដែលរាជរដ្ឋាភិបាល និងប្រកាសឱ្យពលករខ្មែរវិលចូលស្រុកវិញ ដើម្បីធ្វើការព្យាបាលក្នុងប្រទេសខ្លួនឯងវិញ បើមានវិជ្ជមានកូវីដ១៩។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ក្រុមការងាររៀបចំចាក់វ៉ាក់សាំងដូសទី៣ សម្រាប់មន្ត្រីជួរមុខនឹងរៀបចំឡើងឆាប់នេះ ដើម្បីឱ្យស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដាក់ជូនឱ្យអនុវត្តន៍ ឱ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។

សូមជំរាបថា កាលម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យគណៈកម្មការជាតិចាក់វ៉ាក់សាំងកូវីដ១៩ ត្រៀមចាក់វ៉ាក់សាំងដូសទី៣ ជូនមន្រ្តីពាក់ព័ន្ធជួរមុខ នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃជាបន្ទាន់ ខណៈដែលពួកគេប្រឈមនឹងការឆ្លងមេរោគថ្មី Delta ក្រោយពលករជាច្រើនត្រឡប់ពីប្រទេសថៃ។

រាជរដ្ឋាភិបាលកម្ពុជា កាលពីដើមខែសីហា ឆ្នាំ២០២១ បានសម្រេចឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានចាក់ដូសទី២រួចរាល់ ដើម្បីបង្កើតប្រព័ន្ធការពារដ៏រឹងមាំថែមទៀត នៅក្នុងខ្លួនមនុស្ស ក្នុងការទប់ទល់នឹងជំងឺកូវីដ១៩ ជាពិសេសឆ្លើយតបនឹងវត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Delta ដែលកំពុងរីករាលដាលយ៉ាងខ្លាំងក្លានៅក្នុងតំបន់។

ការចាក់ដូសទី៣នេះ គឺប្រើប្រាស់វ៉ាក់សាំង AstraZeneca ដែលជាដូសជំរុញ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងចិនស៊ីណូហ្វាម ឬស៊ីណូវ៉ាក់។ ជាមួយនឹងការសម្រេចចាក់ដូសទី៣នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បញ្ជាឲ្យស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាខិតខំស្វែងរកទិញវ៉ាក់សាំង AstraZeneca បន្ថែមទៀត៕