(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានអញ្ជើញចុះពិនិត្យមើលដំណើរការចាក់វាក់សាំងការពារជំងឺកូវីដ-១៩ និងជម្រុញការត្រៀមទីតាំងសម្រាប់ធ្វើចត្តាឡីស័កពលករមកពីប្រទេសថៃ នៅមូលដ្ឋានស្រុកពារាំង។

នៅក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអាជ្ញាធរ ក្រុមគ្រូពេទ្យ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមដោយស្ម័គ្រចិត្តមកចាក់វាក់សាំង ដែលជាការរួមចំណែកក្នុងការប្រយុទ្ធ និងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល។

នាយឧត្ដមសេនីយ៍បញ្ជាក់ថា ក្នុងដំណាក់កាលបច្ចុប្បន្ន ពិភពលោក ក៏ដូចជាកម្ពុជា កំពុងទទួលរងនូវការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ បម្លែងខ្លួនថ្មីមានឈ្មោះ (ដែលតា) ដែលមានការចំលងលឿនជាងមេរោគមុនៗ ធ្វើឲ្យអត្រាអ្នកឆ្លង និងស្លាប់កាន់តែមានចំនួនច្រើនឡើង។ ដូច្នេះ មានតែការចាក់វ៉ាក់សាំងទេ ដែលជាជម្រើសទី១ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងសង្រ្គោះជីវិតមនុស្សមិនឱ្យឈឺធ្ងន់ធ្ងរនៅពេលឆ្លងជំងឺកូវីដ-១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។

ក្រៅពីការចាក់វ៉ាក់សាំង នាយឧត្ដមសេនីយ៍បានក្រើនរំលឹកឲ្យប្រជាពលរដ្ឋគ្រប់រូប កុំភ្លេចអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលឲ្យបានល្អ គឺ ៣កុំនិង៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ជាប្រចាំផងដែរ។

បងប្អូនប្រជាពលរដ្ឋបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំស្វះ ស្វែងរកវ៉ាក់សាំងកូវីដ-១៩ ជាបន្តបន្ទាប់ ចាក់ជូនប្រជាពលរដ្ឋ ដើម្បីបង្កើតភាពសាំ និងដើម្បីទប់ស្កាត់ការចម្លង រាលដាលដល់ប្រ ជាពលរដ្ឋទូ ទាំងប្រទេស។

ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង រូបនេះ បានទៅត្រួតពិនិត្យមើលទីតាំងចត្តាឡីស័កមួយចំនួន ព្រមទាំងបានណែនាំដល់អាជ្ញាធរស្រុក ត្រៀមរៀបចំទីតាំងចត្តាឡីស័កទាំងនេះឲ្យបានល្អ ដើម្បីទទួលពលរដ្ឋខ្មែរវិលត្រឡប់មកពីព្រំដែនកម្ពុជា-ថៃ ចូលធ្វើចត្តាឡីស័ក និងសម្រួលឲ្យអ្នកធ្វើចត្តាឡីស័កនៅមូលដ្ឋានដែលមានស្ថានភាពធូរស្រាល ទៅធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួនវិញ។

នៅក្នុងឱកាសនោះ នាយឧត្តសេនីយ៍ វង្ស ពិសេន ក៏បានឧបត្ថម្ភក្រុមគ្រូពេទ្យចាក់វាក់សាំងនូវទឹកបរិសុទ្ធចំនួន ៦០កេស, ទឹកក្រូចចំនួន ៣៨ កេស និង ថវិកាចំនួន ១០ លានរៀលផងដែរ៕