(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បាននិយាយថា រឿងអ្នកនយោបាយ «ល្មោភស្រី» មិនមែនជារឿងតូចតាចនោះទេ ដោយសារតែអ្នក នយោបាយនោះ បានប្រើប្រាស់លុយអ្នកគាំទ្រ ឬលុយជាតិ ទៅប្រើប្រាស់ជាមួយនារីៗទាំងនោះ ហើយលោកថា អ្នកវិភាគមិនគួរការពារដល់ អ្នកនយោបាយបែបនេះទេ។

នៅលើបណ្តាញសង្គម Facebook នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦នេះ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានប្រតិកម្ម ទៅនឹងអ្នកវិភាគមួយចំនួនតូច ដែលបានខិតខំអត្ថាធិប្បាយការពារដល់ មេដឹកនាំគណបក្សសង្រ្កោះជាតិ លោក កឹម សុខា ដែលជួបប្រទះនឹងរឿងអាស្រូវស្នេហាជាមួយនារីក្មេងមួយចំនួន ហើយត្រូវបណ្តាញ Facebook និងប្រព័ន្ធផ្សព្វផ្សាយលាតត្រដាង។ ក្នុងនោះខ្សែអាត់សំឡេងដែលគេចោទថាជា លោក កឹម សុខា បង្ហាញថា បុរសម្នាក់នោះបានផ្តល់លុយដែលបានមកពីអ្នកគាំទ្រ ដល់នារីវ័យក្មេង ដើម្បីទិញសម្ភារៈទំនើបផ្សេង និងទិញផ្ទះផងដែរ។

លោក សួន សេរីរដ្ឋា បានលើកឡើងថា «រឿងអ្នកនយោបាយប្រព្រឹត្តិអំពើរថោកទាប មានស្រីញី យកលុយអ្នកគាំទ្រ ឬយកលុយជាតិ ទៅដើរចាយវាយជាមួយស្រីកំណាន់ក្មេងៗ វាមិនមែនជារឿងកំប៉ិកកំប៉ុក ឬជារឿងបុគ្គល ដូចក្រុមអ្នកវិភាគបល់បាយមួយចំនួនលើកឡើង ក្នុងន័យជួយធ្វើជាកន្ទបបិទបាំងរឿងអាស្រូវរបស់ពួកPlayboys នេះទេ»

លោក សួន សេរីរដ្ឋា បានចាត់ទុកថា ប្រទេសកម្ពុជាដែលអតីតកាលធ្លាប់ថ្កុំថ្កើនរុងរឿង មានទឹកដីធំល្វឹងល្វើយ ហើយធ្លាក់ខ្លួនសល់ដីតូច ដូចសព្វថ្ងៃ ក៏ដោយសារតែជំពូកអ្នកនយោបាយ ឬអ្នកដឹកនាំ ល្មោភស្រីនេះដែរ។

ជាមួយគ្នានេះ លោក សួន សេរីរដ្ឋា ក៏បានរិះគន់អ្នកវិភាគ ឬអ្នកនយោបាយមួយចំនួនថា បានយករឿងតូចតាចដទៃទៀត មកធ្វើជាប្រធានបទ ដើម្បីបិទបាំងរឿងអាស្រូវ។ លោកថា រឿង Facebook Like ពិត ឬក្លែងក្លាយ មិនមានអ្វីគួរឱ្យចាប់អារម្មណ៍ទេ ប៉ុន្តែអ្នកនយោបាយបែរជា បំផុសរឿងនោះឡើង ទៅវិញ។

លោកថា «រឿងកំប៉ិកកំប៉ុកដែលពួកអ្នកនយោបាយ មិនត្រូវយកខួរក្បាលគិតនោះគឺរឿង Like នៅលើ Facebook ដែលជារឿងឥតប្រយោជន៍។ ហេតុអីក៏នាំគ្នាទៅចាប់អារម្មណ៍រឿង Like តិចឬច្រើន ពិត ឬក្លែងក្លាយ ហើយយកមកអួតគ្នាមិនអស់ចិត្ត រហូតឈានដល់ការប្តឹងផ្តល់គ្នា ទៅវិញ?»