(ភ្នំពេញ)៖ លោកតា និងលោកយាយ មានអាយុចាប់ពី១០០ឆ្នាំឡើងទៅនៅខេត្ដកំពង់ចាម, ព្រៃវែង និងខេត្តស្វាយរៀង ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកពាក្យក្រសួងសុខាភិបាល ដែលជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស។

បេសកកម្មពេញមួយថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ តាំងពីវេលាម៉ោង៥ព្រឹក រហូតដល់ម៉ោង៧យប់ របស់លោកស្រី ឱ វណ្ណឌីន ត្រូវបានបញ្ចប់ដោយជោគជ័យ ក្រោយអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានផ្ដល់ជូនដល់ដៃលោកតា លោកយាយ ដែលមានអាយុចាប់ពី១០០ឆ្នាំឡើង ដល់ខ្នងផ្ទះតែម្ដង។

លោកតា លោកយាយ ដែលទទួលបានអំណោយនោះរួមមាន៖

* ទី១៖ លោកតា នន អែម អាយុ១០៣ឆ្នាំ រស់នៅភូមិតាមុល ឃុំព្រែកដំបូល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
* ទី២៖ លោកតា ហែម ម៉ៅ អាយុ១០០ឆ្នាំ រស់នៅភូមិក្សេរ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
* ទី៣៖ លោកតា ជៃ ជុំ អាយុ១០១ឆ្នាំ រស់នៅភូមិល្បើក ឃុំសម្បត្តិមានជ័យ ស្រុករមាសហែល ខេត្តស្វាយរៀង
* ទី៤៖ លោកយាយ ពេជ ប៊ុន អាយុ១០៤ឆ្នាំ រស់នៅភូមិគោកគង់កណ្ដាល ឃុំគោកគង់លិច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង
* ទី៥៖ លោកតា ឈឹម ផុត អាយុ១០០ឆ្នាំ រស់នៅភូមិព្រាលទី១ ឃុំថ្មពូន ស្រុកកញ្ច្រៀច ខេត្តព្រៃវែង
* ទី៦៖ លោកយាយ ឃុត តែន អាយុ១០០ឆ្នាំ រស់នៅភូមិទួលប្រាក់ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។

ជាការកត់សម្គាល់ ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន តែងតែបាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកតា និងលោកយាយ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់ពួកគាត់ ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។

លោកស្រី ឱ វណ្ណឌីន មិនភ្លេចនូវការសាកសួរអំពីមូលហេតុអ្វី ដែលនាំឲ្យលោកតា លោកយាយទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ហើយតើការទៅចាក់វ៉ាក់សាំងនេះមានការបង្ខិតបង្ខំពីអ្នកណាដែរឬទេ? ឬលោកតា លោកយាយ ស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងនេះដោយខ្លួនឯង។

ជាការឆ្លើយតបលោកតា លោកយាយទាំងអស់ បានបង្ហាញនូវការយល់ឃើញរបស់ពួកគាត់ដូចៗថា មូលហេតុដែលនាំឲ្យពួកគាត់ចង់ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ព្រោះដោយសារបារម្ភខ្លាចឆ្លងនូវជំងឺដ៏សាហាវមួយនេះ។ ពួកគាត់ក៏បានបង្ហាញនូវការជឿចំពោះវ៉ាក់សាំងនេះផងដែរ ដែលបានដោយសារការខិតខំរបស់សម្ដេចតេជោ ហ៊ុន សែន។

លោកតា លោកយាយ ដែលមានជន្មាយុជាង១០០ឆ្នាំទាំងអស់នេះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានអនុញ្ញាតឲ្យពួកគាត់អាចចាក់វ៉ាក់សាំង ហើយថែមទាំងផ្ដល់អំណោយជូនពួកគាត់នៅឱកាសនេះផងដែរ។

សូមជម្រាបថា បើតាមការគ្រោងទុកចាប់ពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ បើគ្មានអ្វីប្រែប្រួលនោះទេ លោកស្រី ឱ វណ្ណឌីន នឹងបន្ដដឹកនាំក្រុមការងារនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រគល់ជូនលោកតា លោកយាយ ដែលមានអាយុចាប់ពី១០០ឆ្នាំឡើង នៅខេត្តកំពង់ធំ, ស្ទឹងត្រែង, រតនគិរី និងខេត្តក្រចេះ៕