(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានណែនាំដល់អភិបាលខេត្តជាប់ព្រំដែនថៃទាំងអស់ ឱ្យផ្ទេរពលករខ្មែរដែលកំពុងធ្វើចត្តាឡីស័ក នៅតាមព្រំដែន ចូលមកបន្តធ្វើចត្តាឡីស័កនៅតាមបណ្តារាជធានី-ខេត្ត ដែលជាមូលដ្ឋានរបស់ពួកគេ ដើម្បីទុកទីតាំងចត្តាឡីស័កនៅព្រំដែន សម្រាប់ទទួលពលករថ្មីទៀត។

ដោយឡែកសម្រាប់អ្នកធ្វើចត្តាឡីស័កនៅតាមមណ្ឌលមូលដ្ឋានរាជធានី-ខេត្ត ដែលមិនពាក់ព័ន្ធ Delta នឹងអនុញតឲ្យទៅធ្វើនៅតាមផ្ទះវិញ។

តាមរយៈសារសំឡេង និងសារាចរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, សម្តេចតេជោ ហ៊ុន សែន បានបង្ហាញអំពីបំណងរបស់រាជរដ្ឋាភិបាល ក្នុងការបើកព្រំដែនកម្ពុជា-ថៃឡើងវិញ ហើយបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលមិនមានផែនការក្នុងការពន្យារពេលការបិទខ្ទប់ខេត្តជាប់ព្រំដែនថៃទៀតឡើយ។

ជាមួយនឹងការបញ្ជាក់អំពីផែនការបើកព្រំដែននេះ សម្តេចបានបញ្ជាឱ្យខេត្តជាប់ព្រំដែន ត្រៀមបញ្ជូនពលករដែលធ្វើចត្តាឡីស័ករយៈពេល១សប្តាហ៍កន្លងមកនៅព្រំដែន ចូលមកបន្តធ្វើចត្តាឡីស័កនៅក្នុងមូលដ្ឋានរាជធានីខេត្ត ដែលពួកគេរស់នៅ ព្រមទាំងបានណែនាំដល់អភិបាលរាជធានីខេត្ត ឱ្យរៀបចំទីតាំងដើម្បីត្រៀមទទួលពលករទាំងនោះ ក៏ដូចជាពលករមកពីប្រទេសថៃ ប្រសិនបើលើសចំនួនដែលមណ្ឌលចត្តាឡីស័កនៅព្រំដែនអាចផ្ទុកបាន។

សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យអាជ្ញាធរខេត្តជាប់ព្រំដេន និងអាជ្ញាធររាជធានីខេត្តនៅខាងក្នុងសហការគ្នាជាបន្ទាន់ ដើម្បីធ្វើកិច្ចការងារនេះ។ សម្តេចក៏បានស្នើដល់កងដឹកជញ្ជូន ឱ្យបញ្ជូនរថយន្តបន្ថែម ដើម្បីដឹកជញ្ជូនពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័ក នៅតាមមណ្ឌលព្រំដែនកម្ពុជា-ថៃ ដែលធ្វើចត្តាឡីស័កចំនួន៧ថ្ងៃហើយនោះ មកកាន់រាជធានីខេត្ត ដើម្បីបន្តធ្វើចត្តាឡីស័ក នៅខាងក្នុង។

«ធ្វើបែបនេះគឺសម្រាប់ទុកកន្លែងឱ្យបងប្អូនដែលកំពុងស្នាក់នៅត្រើយម្ខាង ចូលមកធ្វើចត្តាឡីស័កជំនួសកន្លែងនោះ» នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ៕