(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រសួងក៏នឹងមានការគិតគូរបន្ថែមទៀត ដូចជាការវិភាគក្របខណ្ឌ និងមុខងារឱ្យបានសមស្របដោយផ្អែកលើកត្តាភូមិសាស្រ្ត និងប្រជាសាស្រ្ត ពោលគឺផ្អែកលើចំនួនប្រជាពលរដ្ឋតិច ឬច្រើន និងវិសាលភាពទឹកដីរដ្ឋបាលនោះធំ ឬតូច ឬមានភាពស្មុគស្មាញជាដើម ដើម្បីដាក់ពង្រាយបរិមាណកងកម្លាំងឱ្យត្រូវនឹងស្ថានភាពជាក់ស្ដែង។

ការឱ្យដឹងបែបនេះរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅក្នុងពិធីប្រគល់រថយន្ត Ford Ranger Pick-up ចំនួន៨៧គ្រឿង ដល់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបែងចែកជូនអធិការដ្ឋាននគរបាល ក្រុង ស្រុក នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ នៅបរិវេណមុខអគារទីស្ដីការក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោម ស ខេង បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ត្រូវវិភាគមុខងារ និងក្របខ័ណ្ឌ ឱ្យសមស្រប នគរបាលប៉ុស្តិ៍ក៏ដូចគ្នាដែរ គឺអគ្គស្នងការដ្ឋាននគរបាល ជាមួយឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក ជាមួយនាយករដ្ឋានបុគ្គលិក កំពុងតែសិក្សាអំពីចំនួន ដើម្បីឈានទៅកំណត់ចំនួននគរបាលប៉ុស្តិ៍ឃុំ-សង្កាត់ ឡើងវិញ ឱ្យបានសមស្របផ្អែកទៅលើកត្តា២សំខាន់ គឺកត្តាភូមិសាស្ត្រ និងកត្តាប្រជាសាស្ត្រ...!ពោលគឺផ្អែកលើចំនួនប្រជាពលរដ្ឋតិច ឬច្រើន និងវិសាលភាពទឹកដីរដ្ឋបាលនោះធំ ឬតូច ឬមានភាពស្មុគស្មាញជាដើម ដើម្បីដាក់ពង្រាយបរិមាណកងកម្លាំងឱ្យត្រូវនឹងស្ថានភាពជាក់ស្ដែង»

បន្ថែមពីនេះ សម្ដេចក្រឡាហោម ក៏បានលើកឡើងដែរ អំពីការបណ្ដុះបណ្ដាលធនធានមនុស្សជា «មន្រ្តីស្មៀនឃុំ សង្កាត់ និងមន្រ្តីកងកម្លាំងនគរបាលនៅមូលដ្ឋាន ព្រមទាំងបានបន្ថែមថា អធិការដ្ឋាននគរបាល និងប៉ុស្តិ៍នគរបាលរដ្ឋបាល។

សម្ដេចក្រឡាហោម ស ខេង ទទួលស្គាល់ថា នៅភ្នំពេញ នគរបាលប៉ុស្តិ៍មានការខ្វះខាត និងទទួលខុសត្រូវបំពេញការងារច្រើន ដែលទាមទារឱ្យមានការគិតគូឡើងវិញ។

ទាក់ទងនឹងបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ និងការផ្ដល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់ថា៖ «រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់ ត្រូវបានចាត់ទុកថាជាថ្នាក់រដ្ឋបាលដែលនៅជិតប្រជាពលរដ្ឋបំផុត ពោលគឺបេសកកម្មរបស់ថ្នាក់ក្រោមជាតិនេះក៏មិនខុសពីថ្នាក់ជាតិដែរ ហើយរឹតតែសំខាន់ជាងថ្នាក់ជាតិទៅទៀត នៅត្រង់ថាពួកគាត់នៅគៀកនឹងប្រជាពលរដ្ឋ ប្រជាពលរដ្ឋអាចដឹងថាពួកគាត់ធ្វើល្អ និងមិនធ្វើល្អដោយងាយ ដូច្នេះ បានខ្ញុំលើកយោបល់ថានៅថ្នាក់ឃុំ យើងត្រូវផ្ដោតលើមុខសញ្ញា៤ គឺទី១៖ មេឃុំ ចៅសង្កាត់, ទី២៖ ស្មៀនឃុំ ស្មៀនសង្កាត់, ទី៣៖ ប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាល និងទី៤៖ គឺមេភូមិ»។ 

ទន្ទឹមនឹងនេះដែរ សម្ដេចបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «អ៊ីចឹងបានជាយើងត្រូវតែយកចិត្តទុកដាក់ឱ្យពួកគាត់ធ្វើការងារបម្រើប្រជាពលរដ្ឋឱ្យបានល្អ ដែលទាមទារការផ្ដល់នូវការណែនាំ ទិសដៅ គោលការណ៍ វិធានការនានា និងមធ្យោបាយធ្វើការ ដើម្បីមានលទ្ធភាព ដូចជាបើមិនទាន់មានអគារប៉ុស្តិ៍រដ្ឋបាលទេ យើងត្រូវធ្វើអគារជូនគាត់ ដ្បិតសម័យនេះមិនអាចធ្វើការក្រោមដើមឈើទៀតបានទេ។ តាមខ្ញុំដឹងយើងបានសាងសង់អគាររដ្ឋបាលប៉ុសិ៍តរដ្ឋបាលឃុំសង្កាត់បានច្រើនហើយ គឺនៅសល់តែប្រមាណ៨០កន្លែងទៀតទេ ក្នុងចំណោម ១,៦៦៤ឃុំ សង្កាត់»

យ៉ាងណាសម្ដេចបានគូសបញ្ជាក់ថា កិច្ចការដែលនៅសេសសល់ប្រមាណ៥០ភាគរយនោះ គឺការសាងសង់អគារដ្ឋបាលសាលាឃុំ សង្កាត់។

សម្ដេចក្រឡាហោមក៏បានលើកឡើងថា កន្លងមក សម្ដេចក៏បានណែនាំឱ្យមានការគិតគូរអំពីអង្គភាពនីមួយៗនៅថ្នាក់ក្រសួង តើមានតម្រូវការមន្រ្តីនគរបាលប៉ុន្មាននាក់ឱ្យពិតប្រាកដ ដើម្បីដាក់មន្រ្តីឱ្យសមល្មម ហើយរំលែកក្របខណ្ឌនេះទៅឱ្យប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ និងអធិការដ្ឋាននគរបាលវិញ។ ចំណុចនេះសម្ដេចបានសង្កត់ធ្ងន់ថា ជាវិធានការកាត់បន្ថយការស្នើសុំក្របខណ្ឌបន្ថែមសម្រាប់កងកម្លាំងនគរបាលជាតិពីរាជរដ្ឋាភិបាល។

សម្ដេចក៏បានបន្ថែមថា បញ្ហាដែលកំពុងដោះស្រាយនេះ មិនមែនកើតឡើងដោយសារកំហុសនរណាម្នាក់នោះទេ ពីព្រោះកម្ពុជាបានឆ្លងកាត់ប្រវត្តិសាស្រ្តដែលរដ្ឋចាប់ផ្ដើមបំពេញការងារជាមួយនឹងភាពខ្វះខាតធនធានមនុស្ស ទើបបណ្ដាលឱ្យជួបស្ថានភាពខ្វះ តែសល់ ពោលគឺខ្វះអ្នកមានសមត្ថភាពធ្វើការ តែសល់អ្នកមិនមានសមត្ថភាពធ្វើការ៕