(ស្វាយរៀង)៖ លោក ស៊ឹម សុធន នាយកមូលនិធិជនពិការ បានដឹកនាំប្រតិភូចុះប្រគល់ផ្ទះ១ខ្នងដល់ជនពិការក្រីក្រតាមសហគមន៍១គ្រួសារនៅខេត្តស្វាយរៀង នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១។ កម្មវិធីនេះក៏មានការចូលរួមពីប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ប្រធានសាខាមូលនិធិជនពិការ ខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។

ក្នុងកម្មវិធីនេះ លោក ស៊ឹម សុធន នាយកមូលនិធិជនពិការ បានថ្លែងថា លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ដាំផ្ញើសាកសួរសុខទុក្ខដល់បងប្អូនជនពិការក្នុងខេត្តស្វាយរៀង តាមរយៈរូបលោកផ្ទាល់ កន្លងមកនេះ រដ្ឋមន្រ្តី វង សូត តែងតែយកចិត្តទុកដល់បងប្អូនជនពិការ ជាក់ស្តែងក្រសួងតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានសហការ និងសម្របសម្រួលរៀបចំកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់ជនពិការផងដែរ។

លោកបន្តថា ថវិកានៃការសាងសង់ផ្ទះនេះ បានមកពីសប្បុរសជននានា ដែលបានបរិច្ចាគថវិកាចូលក្នុងហិបប្រាក់វិភាគទានសប្បុរសធម៌ មូលនិធិជនពិការ ហើយតាមរយៈថវិកាទាំងនេះ មូលនិធិជនពិការបានយកទៅប្រើប្រាស់ ជួយដល់ជនពិការក្រីក្រលើកម្មវិធីការងារចំនួន៣រួមមាន៖ ការសាងសង់ផ្ទះ ការផ្តល់ជាអំណោយសប្បុរសធម៌ និងការផ្តល់ប្រាក់កម្ចី។

លោកបន្តថា សម្រាប់ខេត្តស្វាយរៀងនេះ កន្លងមកមូលនិធិជនពិការបានសាងសង់ផ្ទះជូនជនពិការក្រីក្រ ១ខ្នងរួចមកហើយ។ ចំពោះថ្ងៃនេះដែរ មូលនិធិជនពិការ បានសាងសង់ផ្ទះ១ខ្នងទៀតដល់គ្រួសាររបស់លោកស្រី ចាន់ ស៊ីណាត ដែលជា ជនពិការរស់នៅភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដើម្បីឲ្យពួកគាត់ទទួលបានទីជម្រកសមរម្យ។

លោកនាយកមូលនិធិជនពិការ ក៏បានផ្តាំផ្ញើដល់ជនពិការម្ចាស់ផ្ទះសូមថែរក្សាសុខភាព និងអនុវត្តវិធានការ៣ការពារ៣កុំ របស់រាជរដ្ឋាភិបាល ដើម្បីការពារខ្លួននិងគ្រួសារពីជំងឺកូវីដ-១៩ និងទៅទទួលការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា នៅកន្លែងដែលជិតបំផុតក្នុងមូលដ្ឋានរបស់គាត់។

ជាកិច្ចបញ្ចប់លោកនាយក ក៏បានផ្តល់នូវកញ្ចប់អំណោយសប្បុរសធម៌របស់មូលនិធិជនពិការ និងមន្ទីរសង្គមកិច្ចខេត្តស្វាយរៀង ជូនដល់ជនពិការម្ចាស់ផ្ទះផងដែរ៕