(​អ៊ីរ៉ាក់​)៖ យ៉ាងហោច​ណាស់​មនុស្ស ២៩​នាក់​បាន​ស្លាប់ និង​ជាង ៦០​នាក់​ផ្សេង​ទៀត បាន​រងរបួស បន្ទាប់​ពី​មាន​ការវាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​នៅក្នុង​កីឡដ្ឋាន​មួយ ខណៈពេល​កំពុង​ប្រកួត​បាល់ទាត់ ក្នុង​ភាគខាងត្បូង​រដ្ឋធានី​បា​កដាដ ប្រទេស​អ៊ីរ៉ាក់ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ទី​២៥ ខែ​មីនា​។​

​ប៉ូលិស​ប្រចាំ​តំបន់​បានបញ្ជាក់​ថា គ្រាប់បែក​បាន​ផ្ទុះឡើង​នៅក្នុង​អំឡុងពេល​ប្រកួត​បាល់ទាត់​រវាង​ក្រុមបាល់ទាត់​ក្នុង​តំបន់ ស្ថិត​នៅ​កីឡដ្ឋាន Iskanderiyah មាន​ចម្ងាយ​ប្រមាណ​ជា ៤០​គីឡូ​មែត្រ​ពី​រដ្ឋធានី​បា​កដាដ​។ សាក្សី​នៅ​កន្លែងកើតហេតុ បានឲ្យដឹងថា ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើនឡើង​បន្ថែមទៀត ព្រោះថា​គ្រាប់បែក​បាន​ផ្ទុះ​ឡើង​ចំ​កន្លែង​មាន​មនុស្ស​ច្រើន​។​

​សារព័ត៌មាន Reuters បាន​ចេញផ្សាយ​ថា ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នេះ​គឺ​ជា​ទង្វើ​របស់​ក្រុម ISIS ដោយ​ពួកគេ​បាន​ចេញ​មុខ​ទទួលស្គាល់ថា គឺជា​សកម្មប្រយុទ្ធ​ដែល​គាំទ្រ​ពួកខ្លួន​ជា​អ្នក​បំផ្ទុះ​គ្រាប់បែក​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ដើម​សប្ដាហ៍​នេះ ក្រុម ISIS បាន​វាយប្រហារ​អកា​ស​យានដ្ឋាន និង​ចំណត​រថភ្លើង​ក្រោម​ដី​នៅក្នុង​ទីក្រុង​ព្រុច​សែ​ល ប្រទេស​ប៊ែលហ្ស៊ិក ដោយ​បាន​សម្លាប់​មនុស្ស​ជាង ៣០​នាក់ និង​របួស​ជាង ២៥០​នាក់​៕​