(ព្រៃវែង)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានបន្ដនាំយកថវិការបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋកមន្ដ្រីកម្ពុជា ទៅប្រគល់ជូនលោកយាយអាយុ១០៤ឆ្នាំ និងលោកតាអាយុ១០០ឆ្នាំ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទទួលបានថវិកាចំនួន ៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។

លោកយាយ និងលោកតា ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង ហើយទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន នាឱកាសនេះ មានឈ្មោះ ពេជ ប៊ុន អាយុ១០៤ឆ្នាំ រស់នៅភូមិគោកគង់កណ្ដាល ឃុំគោកគង់លិច និងតាឈ្មោះ ឈឹម ផុត អាយុ១០០ឆ្នាំ រស់នៅភូមិព្រាលទី១ ឃុំថ្មពូន ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។

ថ្លែងក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកតា ឈឹម ផុត និងលោកយាយ ពេជ ប៊ុន ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់លោកតា ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។

លោកតា ឈឹម ផុត និងលោកយាយ ពេជ ប៊ុន ដែលបានចាក់វ៉ាក់សាំងនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានផ្ដល់អំណោយជូនពួកគាត់នៅឱកាសនេះ៕