(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បាននាំយកអំណោយបន្ថែមជាប្រាក់ចំនួន ១០.០០០.០០០រៀល ជាអំណោយរបស់នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនមន្រ្តីនគរបាលដែលមានវិជ្ជមានកូវីដ១៩ ចំនួន១០នាក់ (ស្រី០២នាក់) ដែលកំពុងសំរាកព្យាបាល តាមផ្ទះ និងនៅមណ្ឌលព្យាបាលសាកាណា។

បើតាមស្នងការដ្ឋាននគរបាលខេត្ត សរុបមកដល់ពេលនេះគឺ ៧៣នាក់ (ស្រី០៥នាក់) ដែលបានទទួលថវិកាឧបត្ថម្ភរបស់នាយឧត្តមសេនីយ៍អគ្គស្នងការ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត តំណាងឲ្យមន្រ្តីនគរបាលទាំង១០នាក់ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ដែលបានគិតគូចំពោះកងកម្លាំងនគរបាលនៅពេលដែលមានជំងឺកូវីដ និងដើម្បីជួយសម្រាកបន្ទុករបស់ពួកសម្រាប់ជីវភាពប្រចាំថ្ងៃ៕