(ត្បូងឃ្មុំ)៖ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ ផ្សារក្រុងសួង ត្រូវបិទមិនឱ្យមានការលក់នូវទំនិញផ្សេងៗ ដោយសារនៅទីនោះ ត្រូវបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ជាបន្តបន្ទាប់។

ការបិទផ្សារក្រុងសួង ធ្វើឱ្យផ្សារចុងសប្តាហ៍ ខេត្តត្បូងឃ្មុំ ដែលស្ថិតនៅក្នុងក្រុងសួងនេះ ដោយកាលពីមុនបើកដំណើរការលក់តែ២ថ្ងៃ ក្នុង១សប្តាហ៍នោះ ត្រូវបានបើកដំណើរការជារៀងរាល់ថ្ងៃដើម្បី ផ្គត់ផ្គង់បន្លែ ត្រី សាច់ និងគ្រឿងទេសជាច្រើន ខណៈទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។

បើតាមការឱ្យដឹងពីលោក តូច សុខន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ បានថ្លែងថា ក្រោមការគិតគូយកចិត្តទុកដាក់របស់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានជំរុញដល់មន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ សហការជាមួយគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច រៀបចំផ្សារចុងសប្តាហ៍នេះឡើងដែលមានទីតាំងស្ថិតនៅភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

លោក តូច សុខន បានគូសបញ្ជាក់ថា៖ «ផ្សារចុងសប្ដាហ៍បង្កើតឡើងដែលស្ថិតនៅក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា (AIMS) នៅចុងឆ្នាំ២០១៨។ ប្រជាពលរដ្ឋ ដែលបានចូលរួមជាគម្រោងនេះ ក៏ទទួលបានការបណ្ដុះបណ្ដាលបន្ថែមពីមន្ទីរពាណិជ្ជកម្ម មន្ទីរកសិកម្មខេត្ត ដើម្បីធានាដល់ការទទួលបានពីគុណភាព សុវត្ថិភាព ហើយផ្សារចុងសប្ដាហ៍ក៏មិនអនុញ្ញាតឱ្យនាំយក កសិផលពីក្រៅមកលក់នោះដែរ»

ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តត្បូងឃ្មុំរូបនេះ បានបញ្ជាក់ថា ផ្សារចុងសប្ដាហ៍ ខេត្តត្បូងឃ្មុំ ធ្វើឡើងក្នុងគោលបំណងជួយកសិកម្មខ្នាតតូចនៅក្នុងសហគមន៍ ឱ្យមានទីផ្សារល្អប្រសើរឡើងបន្ថែមទៀត ដោយជួយជំរុញកសិផលដែលមានសក្ដានុពលមានដូចជា បន្លែសុវត្ថិភាព និងសេរីរាង្គផ្លែឈើដែលដាំដុះដោយកសិករគំរូក្នុងខេត្ត និងលក់មាន់ស្រែ អង្ករ ដំឡូងមីផលិតផលកសិកម្ម កែច្នៃដោយសិប្បករ ក្នុងខេត្តត្បូងឃ្មុំជាច្រើនមុខទៀត។

បើតាមលោក តូច សុខន បានបន្ថែមថា ផ្សារចុងសប្ដាហ៍នឹងលក់ជាធម្មតាវិញនៅថ្ងៃសៅរ៍ និងអាទិត្យ បន្ទាប់ពីផ្សារសួងបើកដំណើរការឡើងវិញ ហើយបន្តដំណើរការដល់ចុងឆ្នាំ២០២២ ដោយអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅក្នុងខេត្តត្បូងឃ្មុំ ពិសេសប្រជាពលរដ្ឋនៅក្រុងសួង សូមបន្តជួយគាំទ្របរិភោគបន្លែ សាច់ គ្មានជាតិគីមី មានទាំងគុណភាព និងសុវត្ថិភាព ទទួលបានសុខភាពល្អ ដើម្បីឱ្យកសិផលរបស់កសិករមានទីផ្សារល្អ ចូលរួមលើកស្ទួយជីវភាពកសិករគំរូក្នុងខេត្តត្បូងឃ្មុំ៕