(ព្រះសីហនុ)៖ ស្នូរកាំភ្លើងផ្ទួនៗ ចំនួន៥គ្រាប់ត្រូវបានផ្ទុះឡើងចំណុចផ្សារលើ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្ដិចថា ពិតជាមានករណីផ្ទុះអាវុធនេះ កើតឡើងប្រាកដមែន ដោយភ្លាមៗកម្លាំងជំនាញរបស់លោកចាប់ខ្លួនបានមនុស្ស៣នាក់ ក្នុងនោះម្នាក់ជាខ្មាន់កាំភ្លើង ជនជាតិខ្មែរ ខណៈ២នាក់ផ្សេងទៀត ជាជនជាតិចិន។

បើតាមលោកឧត្តមសេនីយ៍ស្នងការ មូលហេតុនៃករណីផ្ទុះអាវុធនេះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ព្រោះកំពុងធ្វើការសួរនាំ និងស្រាវជ្រាវបន្ដទៀត ប៉ុន្ដែនៅកន្លែងកើតហេតុ សមត្ថកិច្ចឃាត់បានរថយន្ដទំនើបមួយគ្រឿង ម៉ាក RangRover ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BM-7089 រួមទាំងជនជាតិចិន២នាក់ ដែលនៅក្នុងរថយន្ដនោះ។ ក្នុងហេតុការណ៍នេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ព្រោះខ្មាន់កាំភ្លើងបាញ់កងរថយន្ដ។

យ៉ាងណាមិញ សម្រាប់ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕