(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំង និងលើកទឹកចិត្តដល់សកម្មភាពការចាក់វ៉ាក់សាំងកូវីដ១៩ Jonhson & Jonhson ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ។

លោក សុខ លូ បានលើកឡើងថា កម្ពុជាពិតជាមានភព្វសំណាងណាស់ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាថ្នាក់ដឹកនាំដ៏ឈ្លាសវៃ ដែលសម្ដេចតេជោបានគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់ ព្រមទាំងបានធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងឆាប់រហ័ស ក្នុងការខិតខំរកវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ហើយមកដល់ពេលនេះ គឺចាក់ចាក់សាំងកូវីដ១៩ បានរហូតដល់ជាង ៧លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋជាង ១០លាននាក់ ដើម្បីជួយប្រជាពលរដ្ឋឱ្យរួចផុតពីជំងឺក៏កាចសាហាវ។

ជាមួយគ្នានោះ លោក សុខ លូ ក៏បានធ្វើការណែនាំ និងជំរុញដល់ក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ពិនិត្យបញ្ជីឈ្មោះអ្នកចាក់វ៉ាក់សាំងកូវីដ១៩ ឲ្យបានច្បាស់លាស់ត្រឹមត្រូវ និងថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ រក្សាគម្លាតសុវត្ថិភាព ដោយពន្យល់ណែនាំប្រជាពលរដ្ឋឱ្យពាក់ម៉ាស លាងដៃ បាញ់អាល់កុល មិនត្រូវប្រជ្រៀតដណ្តើមគ្នា ជៀសវាងមានការកកស្ទះ ដើម្បីចាក់វ៉ាក់សាំងនោះឡើយ ព្រោះវាអាចនឹងមានហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នេះមកដល់ខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍។

លោក សុខ លូ បានអំពាវនាវសូមប្រជាពលរដ្ឋអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានកាសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងការណែនាំ ៣-ការពារ ៣-កុំ និង ២ចូលរួម របស់សម្តេចតេជោ ហ៊ុន សែន ពិសេសការរក្សាគម្លាតសុវត្ថិភាព និងគម្លាតសង្គម ដើម្បីរួមគ្នាកាត់បន្ថយទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ-១៩។

លោកបានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង ព្រមទាំងប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចូលរួមយ៉ាងសកម្មផុល ផុសក្នុងការមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា ក្នុងការចុះត្រួតពិនិត្យនោះលោក សុខ លូ ក៏បានជួយឧបត្ថម្ភសម្ភារៈមួយចំនួនដល់ក្រុមការងារ ដែលកំពុងរួមគ្នាបម្រើឱ្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះផងដែរ។ ម្យ៉ាងវិញទៀត នៅថ្ងៃស្អែកនេះ អាជ្ញាធរនឹងបើកយុទ្ធនាការផ្ដល់វ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនៅស្រុកសណ្ដាន់ ស្រុកប្រាសាទសំបូរ និងស្រុកប្រាសាទបល្ល័ង្ក ដែលជាស្រុកចុងក្រោយបន្តទៀត៕