(កំពង់ធំ)៖ ករណីចម្រូងចម្រាស់គ្នារវាងប្រជាពលរដ្ឋ ជាមួយសមត្ថកិច្ច រឿងចាប់ត្រាក់ទ័ររបស់ប្រជាពលរដ្ឋនៅស្រុកប្រាសាទបល្ល័ង្កនោះ ទីបំផុត ត្រូវបានព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លោក ស៉ិន វិរៈ បានបញ្ជាក់ថា សូមឱ្យប្រជាពលរដ្ឋដាក់ពាក្យស្នើសុំត្រាក់ទ័រវិញ នៅសាលាដំបូងខេត្តកំពង់ធំ ហើយលោកក៏នឹងសម្របសម្រួលប្រគល់ត្រាក់ទ័រជូនប្រជាពលរដ្ឋវិញ ក្នុងពេលឆាប់ៗខាងមុខ។

ថ្លែងប្រាប់ភ្នាក់ងារបណ្តាញព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ធំ នាព្រលប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ លោក ស៉ិន វីរៈ បានឱ្យដឹងថា លោកនឹងសម្របសម្រួលជាមួយប្រជាពលរដ្ឋ តែសូមឱ្យប្រជាពលរដ្ឋដាក់ពាក្យស្នើសុំត្រាក់ទ័រវិញ មកសាលាដំបូងខេត្តកំពង់ធំជាមុនសិន។

ការអះអាងរបស់លោក ស៉ីន វិរៈ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋទទួចស្នើសុំត្រាក់ទ័រចំនួន ២គ្រឿង ដែលសមត្ថកិច្ចចាប់យកទៅទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ ដោយសមត្ថកិច្ចចោទប្រកាន់ថា ប្រជាពលរដ្ឋឈូសដីព្រៃគម្របព្រៃឈើ នៅមូលដ្ឋានភូមិតាមុំ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

លោក ស៉ិន វិរៈ បានបញ្ជាក់ថា ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ធំ នឹងសម្របសម្រួលប្រគល់ត្រាក់ទ័រទាំង ២គ្រឿង ជូនប្រជាពលរដ្ឋវិញ នៅពេលឆាប់ៗខាងមុខនេះហើយ ដើម្បីបញ្ចប់បញ្ហាទាំងឡាយជូនប្រជាពលរដ្ឋឱ្យបានចប់សព្វគ្រប់។

លោក ស៉ិន វិរៈ បានបញ្ជាក់ទៀតថា ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ក៏នឹងបន្តសួរនាំភាគីពាក់ព័ន្ធបន្ថែមទៀតអំពីការរឹបអូសត្រាក់ទ័រពីប្រជាពលរដ្ឋ និងករណីទារប្រាក់ពីប្រជាពលរដ្ឋជាដើម៕