(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី បានបង្ហោះសារមួយនៅលើបណ្ដាញសង្គម Facebook បង្ហាញពីការស្ញប់ស្ញែងចំពោះការលះបង់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីជាតិ និងប្រជាជន ដែលស្ទើរតែគ្មានពេលវេលាសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ។

ការបង្ហោះសាររបស់លោក ហ៊ុន ម៉ានី នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ អមជាមួយរូបភាពជួបជុំក្នុងក្រុមគ្រួសារ ដើម្បីជូនពរក្នុងឱកាសខួបកំណើតរបស់សម្ដេចតេជោ ហ៊ុន សែន។

លោក ហ៊ុន ម៉ានី បានរៀបរាប់យ៉ាងដូច្នេះថា៖

«តាំងពីយុវវ័យមកដល់ពេលនេះ ពុកមិនសូវមានពេលវេលាច្រើនសម្រាប់ខ្លួនឯងនោះទេ ព្រោះកិច្ចការងារដឹកនាំគ្រប់គ្រងសភាពការណ៍ ដើម្បីសុខសុវត្ថិភាពរបស់ប្រជាជនទាំងមូល តម្រូវឲ្យពុកតាមដានគ្រប់ពេល ជាពិសេសដំណាក់កាលនេះ គឺការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩។

ម៉ែ កូនៗ និងចៅៗ យល់ច្បាស់ណាស់ចំពោះការលះបង់របស់ពុកសម្រាប់ប្រទេសជាតិ និងប្រជាជន គឺស្ទើរតែមួយជីវិតទៅហើយ ហើយកូនៗ ពិតជាមានមោទនៈភាពចំពោះភាពជាគម្រូនេះ។

ទោះយ៉ាងណាក្ដី មិនមានឱកាសច្រើនពេកនោះទេ បើគិតពី៣៦៥ថ្ងៃក្នុងមួយឆ្នាំ ទៅមួយឆ្នាំ ដើម្បីរៀបចំជួបជុំគ្រួសាររបៀបនេះ អ៊ីចឹងក្នុងឱកាសថ្ងៃខួបកំណើតរបស់ពុក ទាំងម៉ែ កូនៗ និងចៅ គឺរៀបចំកម្មវិធីជួបជុំក្រុមគ្រួសារនេះ ដែលទោះរយៈពេលត្រឹមតែបាយមួយពេលប៉ុណ្ណោះ ប៉ុន្តែអាចឲ្យមានឱកាសនាំគ្នាលើកពីរឿងផ្សេងៗ ក្រៅពីការងារដើម្បីស្នាមញញឹមជាលក្ខណៈគ្រួសារ»