(ភ្នំពេញ)៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (អតីតវិទ្យាស្ថានជាតិ NIPTICT) ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ក្រុមហ៊ុន Smart Axiata តាមរយៈមូលនិធិការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (មូលនិធិស.អ.) បានប្រកាសពីការបើកទទួលពាក្យចុះឈ្មោះប្រកួតប្រជែងស្នាដៃ ច្នៃប្រឌិតឌីជីថល ក្នុងកម្មវិធី ពានរង្វាន់បច្ចេកវិទ្យា គមនាគមន៍និងព័ត៌មានកម្ពុជា ឆ្នាំ២០២១ (CICTA21) ដើម្បីទទួលពានរង្វាន់ល្អបំផុតប្រចាំឆ្នាំថ្នាក់ជាតិនៅកម្ពុជា ចាប់ពីថ្ងៃនេះតទៅ។

ក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល អាចដាក់ពាក្យចូលជាបេក្ខភាពពានរង្វាន់ Cambodia ICT Awards 2021 ដែលមាន ពានរង្វាន់ចំនួន ៦ ប្រភេទដូចខាងក្រោម៖

* សេវារដ្ឋាភិបាលឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Government Service of the Year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ «ក្រសួង-ស្ថាប័នរដ្ឋ» ដែលបានអភិវឌ្ឍដោយប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល សម្រាប់ជាមធ្យោបាយក្នុងការផ្តល់សេវាសាធារណៈ ក្នុងគោលដៅពង្រឹង ប្រសិទ្ធភាពនៃការផ្តល់សេវា សាធារណៈ និង ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងសាធារណជន។

* ស្ថាប័ននវានុវត្តន៍ឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Innovation Organization of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃ របស់ក្រុមហ៊ុនឬស្ថាប័ន ដែលបានច្នៃប្រឌិត និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញប្រសិទ្ធភាពអាជីវកម្មឬសហគ្រាសរបស់ខ្លួនឱ្យកាន់តែ ល្អប្រសើរ ដោយផ្គត់ផ្គង់នូវផលិតផល និងសេវាកម្មថ្មីៗ ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារ។

* បច្ចេកវិទ្យានវានុវត្តន៍សង្គម ល្អបំផុតប្រចាំឆ្នាំ (Best Social Innovation Technology of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ ក្រុមហ៊ុនឬស្ថាប័ន ដែលបានច្នៃប្រឌិត និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបម្រើផលប្រយោជន៍ដល់សង្គម និងរួមចំណែកអភិវឌ្ឍន៍ដល់ សេដ្ឋកិច្ចរបស់សហគ្រាសសង្គម ។
* មាតិកាឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Content of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃ របស់ក្រុមហ៊ុនឯកជន ឬអង្គការក្រៅ រដ្ឋាភិបាល ដែលបានច្នៃប្រឌិត និងប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើតជាមាតិកាឌីជីថលផ្សេងៗ ដូចជា វីដេអូ ហ្គេម មេរៀន ឯកសារជាសម្លេង។ល។ ដែលអាចរួមចំណែកលើកកម្ពស់ការផ្តល់ នូវចំណេះដឹង ការកំសាន្ត និងដោះស្រាយបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋ សាធារណជន និងសង្គម។

* ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital R&D of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ ក្រុមហ៊ុន ឬ ស្ថាប័ន ដែលមានស្នាដៃក្នុងការងារស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងវិស័យ បច្ចេកវិទ្យាឌីជីថល ដូចជាការរកឃើញ រូបមន្តថ្មី វិធីសាស្ត្រថ្មី វិធានថ្មី ការបង្កើតថ្មី។ល។

* ធុរកិច្ចថ្មីឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Startup of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃ របស់ធុរកិច្ចថ្មីឌីជីថលដែលមាន អាយុមិនលើសពី ៣ឆ្នាំដោយរាប់ចាប់ពីថ្ងៃចុះបញ្ជីពាណិជ្ជកម្មជាផ្លូវការ។ ធុរកិច្ចថ្មីឌីជីថលត្រូវតែជាក្រុមហ៊ុន ដែលបានបង្កើតសមិទ្ធិផលថ្មី ជាមួយគំនិតនវានុវត្តន៍ថ្មី ដោយប្រើបច្ចេកវិទ្យាឌីជីថល។

បណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានបញ្ជាក់ថា «តាមរយៈកម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ក្រសួងស្ថាប័ន ក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល សហគ្រិន និងធុរកិច្ចថ្មីឌីជីថល ដែលបង្កើតស្នាដៃនិងសមិទ្ធិផលបច្ចេកវិទ្យាឌីជីថល នឹងទទួលបានការទទួលស្គាល់កម្រិត ថ្នាក់ជាតិ ដែលនឹងក្លាយជាកត្តាជំរុញយ៉ាងសំខាន់ដល់យុវជនកម្ពុជា ក្នុងការចាប់យកការសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល ការសិក្សាស្រាវជ្រាវ និងបង្កើតនូវសេវា ឬផលិតផលឌីជីថល ជាមួយគំនិតនវានុវត្តន៍ថ្មី ដើម្បីជំរុញដល់ការអភិវឌ្ឍបច្ចេកវិទ្យា ឌីជីថល និងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា»។

ក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល សហគ្រិន ឬធុរកិច្ចថ្មីឌីជីថល នឹងទទួលបាន ទឹកប្រាក់ចំនួន ២,០០០ ដុល្លារសម្រាប់ពានរង្វាន់នីមួយៗពីកម្មវិធី។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិនៃក្រុមហ៊ុន ស្មាត អាស្យាតា បានថ្លែងថា៖ «នៅក្រុមហ៊ុន ស្មាត ពួកយើងធ្វើការភ្ជាប់ ទំនាក់ទំនងរបស់អតិថិជន និងធ្វើឲ្យជីវិតរបស់ពួកគេកាន់តែប្រសើរឡើងតាមរយៈបច្ចេកវិទ្យាទូរគមនាគមន៍។ ក្នុងនាមជា ក្រុមហ៊ុន ជម្រុញបច្ចេកវិទ្យាឌីជីថល ពួកយើងទទឹងរង់ចាំមើល នូវពាក្យចូលរួមក្នុងកម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ដែលបានបង្ហាញថាពិតជាមានប្រសិទ្ធិភាពនិងបង្កើតឥទិ្ធពលដល់ប្រទេសជាតិ ជាពិសេសកំឡុងការជួប ប្រទះវិបត្តិកូវីដ១៩បច្ចុប្បន្ននេះ។ បច្ចេកវិទ្យាបានជួយសម្រួលដល់ការពុះពារឆ្លងកាត់ការរាតត្បាតនេះកន្លងមក។ វាបាន ផ្លាស់ប្ដូរការរស់នៅ របស់ប្រជាជន ហើយសម្រួលផលលំបាកដែលយើងកំពុងជួបប្រទះ ដូច្នេះហើយបច្ចេកវិទ្យាជាគន្លឹះសំខាន់ ណាស់ ដែលពួកយើងបានគាំទ្រ និងវិនិយោគលើបច្ចេកវិទ្យា និងការឆ្នៃប្រឌិតជាផ្នែកនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលក្នុង ប្រទេសផងដែរ»