(កោះកុង)៖ ដោយអនុវត្តន៍ទៅតាមការណែនាំរបស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ លោក ឈឹម ចិន អភិបាលរងក្រុងខេមរភូមិន្ទ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល ខេត្តកោះកុង, លោក លឹម ឌី ចៅសង្កាត់ដងទង់ និងប្រធានគ្រប់គ្រងផ្សារដងទង់ បានបើកប្រតិបត្តិការបាញ់ថ្នាំសម្រាប់មេរោគក្នុងផ្សារ និងជុំវិញបរិវេនផ្សារដងទង់ ដើម្បីត្រៀមបើកឱ្យអាជីវករចូលប្រកប អាជីវកម្មលក់ដូរឡើងវិញ នៅពេលឆាប់ៗខាងមុខនេះ ក្រោយពីមានអាត្រាកូវីដ១៩ ថយចុះ។

លោក ឈឹម ចិន បានឱ្យដឹងថា ដោយអនុវត្តន៍តាមអនុសាសន៍របស់រាជរដ្ឋាភិបាល និងការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំខេត្តថ្ងៃនេះអាជ្ញាធរក្រុង និងអាជ្ញាធរមូលដ្ឋាន បានចូលរួមសហការជាមួយមន្ទីរសុខាភិបាល បានបើកប្រតិបត្តិការបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីបង្កាទប់ស្កាត់ការពារកូវីដ១៩កុំ ឱ្យមានការរីករាលដាលឆ្លងចូលក្នុងសហគមន៍ និងក្រុមគ្រួសារ ដើម្បីត្រៀមឱ្យអាជីវករលក់ដូរក្នុងផ្សារបានដំណើរការ ក្នុងការប្រកបអាជីវកម្មលក់ឡើងវិញនៅពេលឆាប់ៗខាងមុខនេះ ក្រោយពីមានអាត្រាកូវីដ១៩ មានការថយចុះ។

លោកអភិបាលរងក្រុង បានបន្ថែមថានេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ជាការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទៅលើជីវភាពរស់នៅ និងសេដ្ឋកិច្ចគ្រួសារ របស់ប្រជាពលរដ្ឋ។ ប៉ុន្តែអ្វីដែលសំខាន់បំផុតសុខភាពរបស់ប្រជាពលរដ្ឋដែលមានហានិភ័យខ្ពស់ គឺជំងឺកូវីដ១៩ ដូច្នេះ សូមបងប្អូនគ្រប់មជ្ឈដ្ឋានទូទៅត្រូវតែមានការប្រុងប្រយ័ត្ន និងមានវិធានការចូលរួមទប់ស្កាត់ឱ្យបានគ្រប់ៗ គ្នានូវវិធានការ «រ៣ការពារ និង៣កុំ»នេះ ជាជម្រើសដ៏ល្អបំផុត។

លោកវេជ្ជបណ្ឌិត ទៅ មឹុង បានឱ្យដឹងថា ដោយគោរពតាមគោលការណ៍របស់រាជរដ្ឋភិបាល និងក្រោមការចង្អុលបង្ហាញពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លោកបានបញ្ជូនក្រុមការងារមន្ទីរសុខាភិបាលទៅបាញ់ថ្នាំកម្ចាត់មេរោគនៅបរិវេនផ្សារដងទង់ ដើម្បីត្រៀមលក្ខណៈឱ្យអាជីវករប្រកបអាជីវកម្មលក់ដូរឡើងវិញ នៅពេលឆាប់ៗនេះបើសិនអាត្រាកូវីដ១៩ មានការថយចុះ។

លោកបានបន្ថែមថា ក្រោយមានការបាញ់ថ្នាំសម្លាប់មេរោគរួចរាល់ហើយអាជ្ញាធរ តម្រូវឱ្យអាជីវកចូលប្រកបអាជីវកម្មលក់ដូឡើងវិញក៏ដោយ ក៏មន្ទ្រីសុខាភិបាលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច គឺឱ្យអាជីវករធ្វើតេស្តយកសំណាកម្តងទៀត មុនឱ្យគាត់ចូលលក់ដូរនៅតាមតូបនីមួយៗ នេះជាវិធានការដើម្បីទប់ស្កាត់ការពារកូវិដ១៩កុំ ឱ្យមានការរីករាលដាលឆ្លងចូលក្នុងសហគមន៍ និងក្រុមគ្រួសារ និងដើម្បីសុខភាពយើងទាំងអស់គ្នា។

លោកបានបញ្ជាក់ថា ដើម្បីសុវត្ថិភាពសុខភាពប្រជាពលរដ្ឋ នៅតាមច្រកផ្លូវចូលផ្សារអាជ្ញាធរអាជ្ញាធរ ត្រៀមដាក់ម៉ាស៊ីនតាមដានកំដៅ អាកុលលាងដៃ និងពាក់ម៉ាសជាប់ជានិច្ច មុនឱ្យប្រជាពលរដ្ឋចូលក្នុងផ្សារ ដើម្បីទិញឥវ៉ាន៕