(កំពង់ធំ)៖ លោក សុខ ហៃ អភិបាលរងខេត្តកំពង់ធំ បានចុះត្រួតពិនិត្យដោយផ្ទាល់នៅតាមគ្រប់គោលដៅ ដែលកងកម្លាំងចម្រុះកំពុងអនុវត្តបម្រាមគោចរចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៣ទៀបភ្លឺ ដើម្បីជាការលើកទឹកចិត្ត ដល់មន្ត្រីក្រោមឱវាទ ក៏ដូចជាការពិនិត្យមើលការងារជាក់ស្តែងនៅតាមគោលដៅនីមួយៗ នាយប់ថ្ងៃទី០៤ ឈានចូលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។

លោក សុខ ហៃ បានបញ្ជាក់ថា ការអនុវត្តនូវវិធានការ ដោយបិទបម្រាមគោចរខាងលើនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ពិសេសកូវីដបំប្លែងថ្មីដែលតា។ លោកបញ្ជាក់ថា ដោយគិតពីសុខភាព និងអាយុជីវិតប្រជាពលរដ្ឋ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចបិទខ្ទប់ខេត្តចំនួន ៨ នៅជាប់ព្រំដែនថៃរួចហើយ ដើម្បីកុំឲ្យមានការរីករាលដាល នៃជំងឺកូវីដបំលែងថ្មីនេះ។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកំពង់ធំក៏បានសម្រេចដាក់ចេញនូវវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលមានថិរវេលាអនុវត្តរយៈពេល ១៤ថ្ងៃ ដោយបិទបម្រាមគោចរចាប់ពីម៉ោង ៩ យប់ ដល់ម៉ោង ៣ ទៀបភ្លឺនា ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីរក្សាអាយុជីវិតប្រជាពលរដ្ឋ ខណៈដែលជំងឺនេះបាននឹងកំពុងរីករាលយ៉ាងខ្លាំងគួរឲ្យព្រួយបារម្ភ។

លោកបានបន្តថា ការផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើសកម្មភាព មុខរបរ និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ខារ៉ាអូខេ រង្គសាល ឌីស្គូតែក និងបៀហ្គាឌិន រមណីយដ្ឋាន និងសួនកម្សាន្តនានា អាជីវកម្មម៉ាស្សា ហាងលក់ សេពគ្រឿងស្រវឹងគ្រប់ប្រភេទ រោងសម្តែងសិល្បៈ សារមន្ទីរ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា ព្រមទាំងផ្អាកបណ្តោះអាសន្ននូវសកម្មភាពអាជីវកម្ម អាហារដ្ឋាន ភោជនីដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ប៉ុន្តែអាចលក់អាហារវេចខ្ចប់បាន។

ចំពោះការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដែលមាន មនុស្សចូលរួមលើសពី ១០នាក់ ត្រូវមានការអនុញ្ញាតពីអាជ្ញាធរមានសម្ថកិច្ច ហើយត្រូវហាមដាច់ខាត់រាល់ការជួបជុំ ឬប្រមូលផ្តុំមនុស្ស ដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទក្នុងពេលអនុវត្តន៍វិធានការរដ្ឋបាលនេះ។ ចំណែកការផ្អាកបណ្តោះអាសន្ននូវការធ្វើចរាចរណ៍ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ចន្លោះពីម៉ោង ៩ យប់ដល់ម៉ោង ៣ ទៀបភ្លឺ លើកលែងចំពោះការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ការធ្វើដំណើររបស់មន្ត្រីរាជការសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើដំណើរទៅបំពេញការងារជាប្រចាំថ្ងៃ ឬការងារបេសកកម្មនៅកន្លែងផ្សេងទៀត ដោយមានបណ្ណសម្គាល់ខ្លួន បណ្ណសម្គាល់ការងារ ហើយសមត្ថកិច្ចទាំងឡាយក៏បានលើកលែងនៅចំណុចជាច្រើនទៀតសម្រាប់រថយន្តពេទ្យ។

លោកអភិបាលរង សុខ ហៃ បានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋដែលល្មើសទៅនឹងបម្រាមនេះ និងត្រូវអនុវត្តការផាកពិន័យតាមសេចក្តីសម្រេចលេខ ០៤៦/២១សសរ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត។ លោកក៏បានជំរុញឱ្យកងកម្លាំងដែលឈរជើងនៅគោលដៅទាំងអស់ក្នុងភូមិសាស្ត្រខេត្ត និងអាជ្ញាធរក្រុង-ស្រុកទាំង ៩ ត្រូវតែអនុវត្តការងារនេះឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព៕