(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា វ៉ាក់សាំង AstraZeneca របស់អង់គ្លេសដែលបានផ្តល់ជូនរាជរដ្ឋាភិបាល ក៏ដូចជា ប្រជាជនកម្ពុជា ចំនួន ៤១៥,០០០ដូស នឹងប្រើប្រាស់សម្រាប់ចាក់ជាដូសទី៣ ឬដូសជំរុញ ជូនប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះនារសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយ របស់ចក្រភពអង់គ្លេសចំនួន ៤១៥,០០០ដូស នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូចនេះថា «ខ្ញុំសូមគូសបញ្ជាក់ថា វ៉ាក់សាំង AstraZeneca ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាល នៃចក្រភពអង់គ្លេសនេះ នឹងត្រូវប្រើប្រាស់ក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬ ដូសជំរុញនេះ»

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ៣ ឬដូសជំរុញ ជូនដល់មន្ត្រី បម្រើសេវាសាធារណៈជួរមុខ ដែលកំពុងបម្រើការ នៅតាមបណ្តា ខេត្តនានា ដែលស្ថិតនៅតាមព្រំដែនជាមួយនឹងប្រទេសថៃ ដែលមេរោគបំប្លែងថ្មី ប្រភេទដែលតា កំពុងវាយលុក និងរាលដាលផងដែរ។

គូសបញ្ជាក់ថា វ៉ាក់សាំងដែលចក្រភពអង់គ្លេសផ្តល់មកកម្ពុជានេះ គឺជាជំនួយទ្វេភាគី ជាការផ្តល់ដោយផ្ទាល់មកកម្ពុជាតែម្តង មិនបានឆ្លងកាត់តាមមជ្ឈមណ្ឌល កូវ៉ាក់នោះឡើយ។ ចក្រភពអង់គ្លេសជាប្រទេសទី៣ហើយ ដែលបានផ្តល់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជា ជាលក្ខខណៈទ្វេភាគីបន្ទាប់ពីប្រទេសចិន និងជប៉ុន។

មកដល់ពេលនេះ កម្ពុជាទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពីប្រទេសជាមិត្តរួមមាន៖ ចិន ចំនួន ៣.២លានដូស, ជប៉ុន ១លានដូស និងអង់គ្លេស ៤១៥,០០០ដូស។ កម្ពុជា ក៏ទទួលបានវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ ចំនួន ១,៣៨៤,១០០ដូស៕