(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវដល់មាតា បិតា អាណាព្យាបាល នាំកូន ចៅ ក្មួយៗ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា, ក្នុងនាមប្រមុខរាជរដ្ឋាភិបាល មិនត្រូវឱ្យប្រជាជនកម្ពុជាណាម្នាក់មិនបានចាក់វ៉ាក់សាំង នៅពេលដល់វេនរបស់ខ្លួននោះឡើយ។

ការបន្តអំពាវនាវបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ទទួល និងប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់ចក្រភពអង់គ្លេសចំនួន ៤១៥,០០០ដូស នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ចូលរួមសហការយ៉ាងសកម្ម និងពេញលេញជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១ ដោយអនុវត្ត និងប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ជាពិសេសវិធានការ «៣ការពារ និង៣កុំ» និងចូលរួមនៅក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីការពារសុវត្ថិភាព ក៏ដូចជាសុខមាលភាពរបស់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្តអំពាវនាវយ៉ាងដូច្នេះថា៖ «ខ្ញុំក៏សូមអំពាវនាវជាថ្មីទៀត ជាពិសេសដល់មាតា បិតា និងអាណាព្យាបាល ក្នុងការអនុញ្ញាត និងនាំកូនចៅ និងកូនក្មួយដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ មកចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា និងមិនត្រូវឱ្យមានប្រជាជនកម្ពុជាណាម្នាក់មិនបានចាក់វ៉ាក់សាំង នៅពេលដល់វេនរបស់ខ្លួននោះឡើយ»

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ជាមួយនឹងភាពច្បាស់លាស់ និងប្រាកដនិយមនៃការមកដល់នៃចំនួនវ៉ាក់សាំងតាមគ្រប់យន្តការដែលមាន កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចមួយជំហានបន្ថែមទៀត គឺការចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ យុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលមានចំនួនប្រមាណ២លាននាក់បន្ថែមទៀត។

សូមជម្រាប រយៈពេល៣ថ្ងៃនៃការចាប់ផ្តើមដំណើរការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ក្រុមគ្រូពេទ្យចាក់បានចំនួន ១២៤,១៥៧នាក់ ខណៈទូទាំងប្រទេសចាក់បានចំនួន ៧,៦០៧,៨៨៤នាក់ (គិតត្រឹមថ្ងៃទី០៣ ខែសីហា)។

វ៉ាក់សាំងដែលប្រើសម្រាប់ចាក់ជូនក្មេងៗ និងយុវវ័យ គឺជាវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលផលិតឡើងដោយក្រុមហ៊ុននៅក្នុងប្រទេសចិន៕