(ភ្នំពេញ)៖ សាលាសង្កាត់ និងប៉ុស្ដិ៍នគរបាលបឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ បានទទួលអំណោយជាសម្ភារប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ពីក្រុមហ៊ុន មីនេបៀ (ខេមបូឌា)។

ពិធីប្រគល់ និងទទួលនេះ មានការអញ្ជើញចូលរួមដោយ លោក ខេ នីស៊ីហារ៉ា អនុប្រធានក្រុមហ៊ុន មីនេបៀ (ខេមបូឌា), លោក វរសេនីយ៍ត្រី ផន ប្រុស តំណាងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងធំ, លោក ញឹម កយ តំណាងសង្កាត់បឹងធំ ដែលបានធ្វើឡើងនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១។

ដើម្បីការពារសុវត្ថិភាពប្រជាជនក្នុងតំបន់ពីជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលពីតំបន់មួយទៅតំបន់មួយ អាជ្ញាធរមូលដ្ឋានបានកំពុងប្រយុទ្ធយ៉ាងសកម្ម ហើយក៏ប្រឈមនឹងហានិភ័យគ្រប់ពេលវេលាជាក់ស្តែង ដូចជាសាលាសង្កាត់បឹងធំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងធំ បានកំពុងធ្វើការយ៉ាងសស្រាក់សស្រាំលើយុទ្ធនាការខាងលើនេះ ។

ដើម្បីចូលរួម និងលើកទឹកចិត្តដល់ក្រុមការងារជួមុខ ក្រុមហ៊ុនមីនេបៀ (ខេមបូឌា) បានឧបត្ថម្ភ អាល់កុល២០០លីត្រ និងម៉ាសចំនួន៤០០០ ជូនដល់សាលាសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងធំ ដើម្បីជួយសម្រួលដល់ប្រតិបត្តិការការងាររបស់អង្គភាព។ លើសពីនោះ ក្រុមហ៊ុន បានជូនពរដល់ក្រុមការងារជួរមុខទាំងអស់ ទទួលបាននូវសុខសុវត្ថិភាព និងចៀសផុតពីជំងឺរាតត្បាតដ៏សាហាវនេះ។

ជាមួយគ្នានោះដែរ តំណាងឱ្យអាជ្ញាធរមានសមត្ថកិច្ចនៅខណ្ឌកំបូល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះទឹកចិត្ដមនុស្សធម៌ ដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន ដែលនេះជាកាយវិការត្រូវបានចងចាំទុកដោយប្រជាជនកម្ពុជា នឹងសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុននឹងផ្ដល់ជំនួយជាបន្ដបន្ទាប់ ដើម្បីកម្ពុជាជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាលត្បាតនៃជំងឺកូវីដ១៩ ឱ្យបានកាន់តែឆាប់រហ័ស។

សូមជម្រាបថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រុមហ៊ុន មីនេបៀ (ខេមបូឌា) កាលពីខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ បានឧបត្ថម្ភសម្ភារការពារសុវត្ថិភាពពីជំងឺកូវីដ១៩ ជាច្រើនឈុតមានដូចជា សម្លៀកបំពាក់ការពារ ម៉ាស និងរបាំងមុខ ជូនដល់សាលាខណ្ឌកំបូល, ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពោធិ៍សែនជ័យ និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រែកព្នៅ ដើម្បីការពារសុវត្ថិភាពរបស់ក្រុមគ្រូពេទ្យ និងក្រុមការងារនៅពេលចុះបំពេញបេសកកម្មផ្សេងៗ៕