(ភ្នំពេញ)៖ សំលៀកបំពាក់ PPE ម៉ាស់ N95 ម៉ាស់ សិង្ហបូរី ម៉ាស់ធម្មតា របាំងមុខ ស្រោមដៃ ទឹកថ្នាំសម្លាប់មេរោគ ត្រូវបានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការ ទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ១៩ ពិសេសដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដបម្លែងថ្មីដែលតា។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ ក្រោមវត្តមានលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ញឹម ខេមរា រដ្ឋលេខាធិការក្រសួងកាបរទេស តំណាងលោក ប្រាក់ សុខុន។

លោក នួន ផារ័ត្ន ក្នុងឱកាសនោះ បានលើកឡើងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមគោរពថ្លែងអំណរគុណចំពោះលោក ប្រាក់ សុខុន ដែលបានឧបត្ថម្ភ៖

១-សំលៀកបំពាក់ PPE ចំនួន ៨០០ឈុត,
២-ម៉ាស់ N95 ចំនួន ២០,០០០ម៉ាស់
៣-ម៉ាស់ សិង្ហបូរី ចំនួន ១០០,០០០ម៉ាស់
៤-ម៉ាស់ធម្មតា ចំនួន ៥០,០០០ម៉ាស់
៥-របាំងមុខ ចំនួន ២០០គ្រឿង
៦-ស្រោមដៃ ចំនួន ១០០ប្រអប់ ៧- ទឹកថ្នាំសម្លាប់មេរោគ ចំនួន ២០០ធុង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ (Covid-19)។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែល ប្រទេសជាតិបាន និងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការតត្បាតពីមេរោគកូវីដ-១៩។

សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ៕