(សៀមរាប)៖ ខេត្តសៀមរាប នៅថ្ងៃទី៤ ខែ សីហា បានបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មីសរុប ៩៥នាក់ ជាសះស្បើយ១៤១នាក់ និងស្លាប់២នាក់។

តាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ខាងលើ ដែលរួមមាន ករណីទី១ ដល់ទី១៦ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ករណីទី១៧ ដល់ទី១៩ គឺជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ឃ្លាំង និងករណីទី២០ ដល់ទី២២ ជាករណីឆ្លងមានប្រភពចម្លងចេញពីផ្សារចារឈូក និងករណីទី២៣ ដល់ទី២៥ ជាករណីមានប្រភពចម្លងចេញពីផ្សារដំដែក។ ក្នុងនោះ ករណីទី២៦ ដល់ទី២៩ ជាករណីឆ្លងបន្តពីសព ឈ្មោះ លាស់ ហេង និងករណីទី៣០ ឆ្លងបន្តពីសពឈ្មោះ ប្លោក សាន។

ចំពោះ ករណីទី៣១ ដល់ទី៤៥ មានប្រភពចម្លងបន្តពីអ្នកដំណើរមកពីរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ និងករណីទី៤៦ ដល់ទី៩៥ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ករណីស្លាប់២ករណី រួមមាន ទី១ ឈ្មោះ ចក់ វឿន ភេទស្រី អាយុ ៨០ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ១៩ នៅថ្ងៃទី៣ ខែ សីហា និងស្លាប់នៅថ្ងៃដដែល វេលាម៉ោង ២១ និង៤០នាទី។ ទី២ ឈ្មោះ តុង ព្រេម ភេទប្រុស អាយុ៧៤ឆ្នាំ មានអាសយដ្ឋានរស់នៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប វិជ្ជមានជំងឺកូវីដ១៩ នៅថ្ងៃទី២ ខែ សីហា និងបានស្លាប់ នៅថ្ងៃទី៤ ខែសីហា។ អ្នកជំងឺទាំង២ ស្លាប់ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ១៩។

សូមបញ្ជាក់ថា មកដល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤ ៨៤៦នាក់ បានព្យាបាលជាសះស្បើយចំនួន២ ៥៩៥នាក់ ស្លាប់៥៥នាក់ និង២ ១៩៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕