(ស្វាយរៀង)៖ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង បានថ្លែងបញ្ជាក់នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះថា ចាប់ពីយប់នេះតទៅលោកនឹងដឹកនាំ កម្លាំងចម្រុះចុះអនុវត្តឱ្យតឹងរឹងបំផុតនូវការអនុវត្តវិធានការ បម្រាមគោចរ ហើយអ្នកដែលមិនព្រមអនុវត្តវិធានការរដ្ឋបាលនេះ នឹងត្រូវទទួលរងការពិន័យជាដាច់ខាត ដោយមិនមានលើកលែងឡើយ។

លោក សរ សុដានី បន្តថា ក្នុរយៈពេលមួយសប្តាហ៍នៃការអនុវត្តវិធានការរដ្ឋបាលបំរាមគោចរ របស់រដ្ឋបាលខេត្តកន្លងមក រដ្ឋបាលក្រុងសង្កេតឃើញថា ពលរដ្ឋមួយចំនួនតូចនៅតែបន្តបំពាន នៅតែមិនគោរព នៅតែមិនខ្លាច ធ្វើឱ្យរដ្ឋបាលក្រុង ពិបាកក្នុងការគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដែលបច្ចុប្បន្ននេះជំងឺនេះកំពុងបំប្លែងខ្លួនថ្មីៗ ហើយឥទ្ធិពល នៃការឆ្លងក៏កាន់តែលឿនជាងមុន ហើយគ្រោះថ្នាក់ជាងមុន ដូច្នេះដើម្បីឱ្យការអនុវត្តសេចក្តីសម្រេចបំរាមគោចរនេះឱ្យមានប្រសិទ្ធភាពសូមប្រជាពលរដ្ឋត្រូវចូលរួមទាំងអស់គ្នា។

លោកបន្ថែមថា ចាប់ពីយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ម៉ោង ៩យប់តទៅ លោកនឹងដឹកនាំកម្លាំងចម្រុះចុះអនុវត្តឱ្យតឹងរឹងបំផុតដោយមិនលើកលែង ព្រោះមិនមែន ជាពេលត្រូវអប់រំផ្សព្វផ្សាយទៀតទេ ជាពេលវេលាត្រូវតែអនុវត្ត លើកលែងតែក្នុងករណីពិសេសដែលមានចែងក្នុងសេចក្តីសម្រេចនេះ ប៉ុន្តែបើពលរដ្ឋដែលល្មើសបំពានក្រៅពីករណីពិសេសដែលមានចែងក្នុងប្រការ៣ និងប្រការ៤ របស់សេចក្តីសំរេចនេះ រដ្ឋបាលក្រុងនិងអនុវត្តវិធានការតឹងរឹងបំផុតគឺ៖

*ទី១៖ ទោះប្រជាពលរដ្ឋបំពានដោយចេតនាក្តី អចេតនាក្តី គឺត្រូវឃាត់ទាំងមនុស្សទាំងមធ្យោបាយឲ្យឈរនៅរង្វង់មូលវិមាន ឯករាជ្យទាល់តែចប់ម៉ោងអនុវត្តវិធានរដ្ឋបាល ហើយរងចាំលោកគ្រូពេទ្យ មកយកសំណាករួចរាល់ ទើបអនុញ្ញតឱ្យឡប់ទៅវិញ (បើលទ្ធផលអវិជ្ជមាន) ។

*ទី២៖ បើពិនិត្យឃើញថា ល្មើសនិងច្បាប់ ឬសេចក្តីសម្រេចនានា ដែលបានដាក់ចេញសម្រាប់ការទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ១៩ និងត្រូវរងការផាកពិន័យ តាមច្បាប់កំណត់ជាដាច់ខាត ។

*ទី៣៖ បើប្រជាពលរដ្ឋមិនព្រមអនុវត្តបង្ករបញ្ហាដល់ការអនុវត្តវិធានការរដ្ឋបាលនេះ និងរៀបចំកសាងសំណុំរឿងបញ្ជួនទៅតុលាការ ដើម្បីអនុវត្តតាមផ្លូវច្បាប់ជាដាច់ខាត។

លោកបានបន្តថា ក្នុងនាមអភិបាលក្រុងស្វាយរៀង សូមរំលឹកប្រជាពលរដ្ឋមេត្តាជ្រាបថា ការដាក់ចេញនូវវិធានការរដ្ឋបាលនេះគឺក្នុងគោលបំណងតែមួយគត់ គឺដើម្បី ការពារអាយុជីវិតប្រជាពលរដ្ឋ និងមនុស្សរស់នៅជុំវិញ ព្រោះនេះជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដូច្នេះត្រូវតែអនុវត្ត។

លោក សរ សុដានី បានបន្តទៀតថា នេះជាសារសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងស្វាយរៀង ក៏ដូចជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ក្រុងស្វាយរៀង ឲ្យបាន ជ្រាបជាព័ត៌មាន និងជាការដាស់តឿនក្រើនរំលឹកចុងក្រោយហើយ សូមកុំចាំដល់ពេលឆ្លងជំងឺកូវីដ ទើបស្រក់ទឹកភ្នែកហើយពោលពាក្យថាស្តាយក្រោយ សូមចូលរួម ការពារទាំងអស់គ្នា កុំឲ្យមានការឆ្លងជំងឺនេះដល់ខ្លួនយើង និងសហគមន៍៕