(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះពិនិត្យមើលការស្ថាបនាផ្លូវក្រាលបេតុង ប្រមាណជាង ១ ៥០០ម៉ែត្រ និងប្រព័ន្ធលូបង្ហូរទឹក ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម។

បើតាមលោក ឌួល សុន មន្ត្រីបច្ចេកទេសនៃទីចាត់ការផែនការ វិនិយោគខេត្តកំពង់ចាម បានឲ្យដឹងថា ផ្លូវក្រាលបេតុងមួយខ្សែ ប្រវែងជាង១ ៣០០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងមួយខ្សែទៀត ប្រវែងជាង ២០០ម៉ែត្រ ទទឹង ៥ម៉ែត្រ និងស្ថាបនាលូរំដោះទឹក ប្រវែងជាង ១ ០០០ម៉ែត្រ និងលូដែលត្រូវជួសជុល ប្រវែងជាង ៤០០ម៉ែត្រ។ គម្រោង ស្ថាបនាខាងលើនេះគឺជាគម្រោងស្ថាបនា តទៅក្នុងថវិកាឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។

មន្ត្រីបច្ចេកទេសដដែលបានរំលឹកផងដែរថា ក្នុងឆ្នាំកន្លងទៅ ពេលរដូវវស្សាអាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយ លោក អ៊ុន ចាន់ដា តែងតែបានចុះពិនិត្យមើលរាល់ពេល មានជំនន់ទឹកភ្លៀង ក្នុងភូមិមួយចំនួននៅក្នុងសង្កាត់បឹងកុក ដើម្បីរកវិធីសាស្រ្តដោះស្រាយ។ ហេតុដូច្នោះហើយទើបមកដល់បច្ចុប្បន្ននេះ អាជ្ញាធរខេត្តកំពង់ចាម បានអភិវឌ្ឍស្ថាបនាផ្លូវក្រាលបេតុងអាមេ និងស្ថាបនាលូរំដោះទឹក ដើម្បីបញ្ចៀសការជន់លិច ដោយជំនន់ទឹកភ្លៀងដូចឆ្នាំមុនៗទៀត៕