(ភ្នំពេញ)៖ ខណៈដែលកម្ពុជាកំពុងរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ASEAN Tourism Forum-ATF 2022) ក្រសួងទេសចរណ៍ បានផ្សព្វផ្សាយអំពីវីដេអូផ្លូវការមួយ ដើម្បីប្រកាសប្រាប់សាធារណជនឱ្យបានដឹងអំពីព្រឹត្តិការណ៍ទេសចរណ៍នេះកាន់តែច្រើន។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ ឬហៅកាត់ថា ATF 2022 នេះ នឹងប្រារព្ធឡើងនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ (ASEAN – A Community of Peace and Shared Future)» ឆ្ពោះទៅការស្តារវិស័យទេសចរណ៍ និងការបើកឡើងវិញនូវវិស័យនេះក្នុងតំបន់ប្រកបដោយភាពធន់ និរន្តរភាព និងភាពទទួលខុសត្រូវនាពេលអនាគត។

វេទិកាទេសចរណ៍អាស៊ាននេះដែរ នឹងមានព្រឹត្តិការណ៍សំខាន់ៗ ដូចជា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន (ASEAN Tourism Ministers Meetings) កិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ាន (ASEAN NTOs Meetings) និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំផ្នែកឯកជន (ASEANTA Meetings) សិក្ខាសាលានានា និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX។

ការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX ជាវេទិកាធុរកិច្ចទេសចរណ៍ដ៏ធំបំផុតក្នុងអាស៊ាន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២០ ខែមករា ឆ្នាំ២០២២ និងមានការចូលរួមពីក្រុមហ៊ុនជាអ្នកលក់ (Sellers) ប្រមាណជាង ១០០ ក្រុមហ៊ុន ក្រុមហ៊ុនជាអ្នកទិញ (Buyers) ប្រមាណ ១០០ ក្រុមហ៊ុន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ៥០ នាក់ មកពីជុំវិញពិភពលោក។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍បានជំរុញការអនុវត្តនូវវិធានសុវត្ថិភាព ការប្រកបអាជីវកម្មតាមគន្លងថ្មី និងរៀបចំ SOP ដើម្បីធានាសវត្ថិភាពដល់ទេសចរជាតិ-អន្តរជាតិ ក៏ដូចជាប្រតិភូដែលចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នេះផងដែរ។

គួរបញ្ជាក់ថា មកដល់ពេលនេះ យុទ្ធនាការចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជនបានឈានដល់ចំនួន ៧,៧០៤,៩៨២ នាក់ ស្មើនឹង ៧៥% នៃគោលដៅ ១០ លាននាក់ និង ៤៨.១៦% នៃគោលដៅប្រជាជនទំាងអស់ ១៦ លាននាក់ សម្រាប់ការចាក់វ៉ាក់សំាងកូវីដ-១៩ ជូនដល់កុមារពីអាយុ ១២-១៧ឆ្នាំ បានអនុវត្ត ៨.២៩% នៃគោលដៅ ១,៩៦៦,៩៣១ នាក់។ នៅក្នុងតំបន់អាស៊ានកម្ពុជាឈរលំដាប់លេខ ២ ក្នុងការអនុវត្តការចាក់វ៉ាក់សំាងកូវីដ-១៩ ដែលនេះជាការជឿជាក់មួយសម្រាប់ទេសចរអន្តរជាតិ។

ក្នុងន័យនេះ ក្រសួងទេសចរណ៍បានប្រកាសប្រាប់សាធារណជន ប្រតិបត្តិករទេសចរណ៍ ដៃគូអភិវឌ្ឍន៍ ផ្នែករដ្ឋ-ឯកជន ស្ថាប័នពាក់ព័ន្ធ សហគមន៍ទេសចរណ៍ អ្នកសារព័ត៌មាន សូមចូលរួមសហការ និងផ្សព្វផ្សាយផលិតផលទេសចរណ៍ល្អៗ ដល់អ្នកចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ានខាងលើឱ្យបានទូលំទូលាយ ក៏ដូចជាចូលរួមស្តារវិស័យទេសចរណ៍ឡើងវិញក្រោយវិបត្តិកូវីដ-១៩។

ព័ត៌មានលម្អិត សូមទំនាក់ទំនងមកនាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេសនៃក្រសួងទេសចរណ៍ តាមរយៈទូរស័ព្ទលេខ 017 938 393 ឬអ៉ីមែល [email protected]

សូមទាញយកវីដេអូ និងឯកសារផ្សេងៗពីលីងតំណភ្ជាប់ដូចខាងក្រោម៖

Google Drive: https://drive.google.com/drive/folders/1zvQu88aIxBT91uJq-zL_O5h4aF5AKUIO?usp=sharing

Youtube: https://youtu.be/cxkFRjY_UxQ

Facebook: https://fb.watch/7bbKd_5d-e/

Website: www.atf2022cambodia.com