(ភ្នំពេញ)៖ ផ្តើមចេញពីជីវិតកូនកសិករធ្វើតែស្រែចម្ការ សម្តេចតេជោ ហ៊ុន សែន បានប្រែក្លាយទៅជាមេដឹកនាំកំពូលមួយនៅកម្ពុជា ដែលត្រូវរ៉ាប់រង និងទទួលខុសត្រូវខ្ពស់លើជោគវាសជាតិ និងប្រជាជន។

សម្តេចតេជោ ហ៊ុន សែន ពីកុមារភាពមានបំណងធ្វើត្រឹមជាគ្រូបង្រៀនប៉ុណ្ណោះ ដើម្បីចែករំលែកនូវចំណេះដឹងដល់កូនចៅប្រជាពលរដ្ឋ។ ក៏ប៉ុន្តែដោយសារស្ថានភាពសង្គមជាតិ ដែលត្រូវញ៉ាំញីដោយវិបត្តិនៃភ្លើងសង្គ្រាម បានជំរុញឱ្យ ហ៊ុន បូណាល់ សម្រេចចូលរួមក្នុងចលនាតស៊ូមួយ តាមការអំពាវនាវរបស់សម្តេច នរោត្តម សីហនុ ដើម្បីវាយផ្តួលរំលំរបបសាធារណរដ្ឋរបស់លោក លន់ នល់ នៅខែមេសា ឆ្នាំ១៩៧០។

ព្រោះតែស្ថានការណ៍ស្រុកទេសធ្លាក់ក្នុងវិបត្តិនៃភ្លើងសង្គ្រាម បានរុញច្រានកុលបុត្រខ្មែររូបនេះ ក្លាយខ្លួនទៅជាអ្នកទទួលខុសត្រូវកាន់តែខ្ពស់សម្រាប់សង្គមកម្ពុជា មានដូចជាដឹកនាចលនាស្វែងរកការតស៊ូនៅឆ្នាំ១៩៧៧ ដឹកនាំកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតដល់ជោគជ័យនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ជាដើម។

ចាប់ពីក្រោយការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ សម្តេចតេជោ ហ៊ុន សែន បានរុញច្រានជីវិតរបស់ខ្លួនចូលកាន់តែជ្រៅក្នុងបុព្វហេតុជាតិ និងប្រជាជន ក្នុងដំណាក់កាលដែលជាតិ និងប្រជាជនស្ថិតក្នុងស្ថានភាពមួយដ៏សែនវេទនានៃមរតកភ្លើងសង្គ្រាម និងរបបវាលពិឃាត ប៉ុល ពត។

ក្រោយកាន់តំណែងជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រីផង និងរដ្ឋមន្ត្រីការបរទេសផងអស់រយៈពេលប្រមាណជា ៦ឆ្នាំ សម្តេចតេជោ ហ៊ុន សែន ត្រូវបានសភាសាធារណរដ្ឋប្រជាមានិតកម្ពុជា បោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ឬជានាយករដ្ឋមន្ត្រីនៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ជំនួសលោក ចាន់ ស៊ី ដែលបានទទួលមរណភាពដោយសារមហារីកគ្រាប់ឈាម។

ជាមួយការឡើងកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ឬជានាយករដ្ឋមន្ត្រីរបស់កម្ពុជានេះ សម្តេចតេជោ ហ៊ុន សែន ត្រូវប្រឈមនឹងការដោះស្រាយបន្ទុកដ៏ធំមួយរបស់ជាតិ និងប្រជាជន គឺគ្រោះខ្វះខាតស្បៀង ដ្បិតមុនពេលឡើងកាន់តំណែងមួយឆ្នាំ ពោលនៅឆ្នាំ១៩៨៤ កម្ពុជាជួបគ្រោះទឹកជំនន់ផង និងគ្រោះរាំងស្ងួតផង។ សម្តេចតេជោ បានចាត់ទុកបញ្ហានេះ គឺជាការសាកល្បងដ៏ធំសម្រាប់សមត្ថភាពដឹកនាំរបស់សម្តេច។ នៅពេលនោះ សម្តេចបានប្រកាសនៅមុខសមាជិករដ្ឋសភាទាំងអស់ថា «មិនត្រូវទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយ ដោយយើងមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ»។ ពាក្យពេចន៍ប្តេជ្ញាចិត្តរបស់សម្តេចតេជោ មួយឃ្លានេះ ត្រូវបានប្រើប្រាស់រហូតមកដល់ពេលបច្ចុប្បន្ន។

ចាប់តាំងពីឆ្នាំ១៩៨៥ នោះមក សម្តេចតេជោ ហ៊ុន សែន បានក្លាយទៅជាអ្នកដែលមានទំនួលខុសត្រូវកាន់តែធំឡើងចំពោះជោគវាសនាជាតិ និងប្រជាជន។ មិនត្រឹមតែដោះស្រាយជីវភាពប្រជាពលរដ្ឋ កសាងអភិវឌ្ឍប្រទេសជាតិប៉ុណ្ណោះ មេដឹកនាំវ័យក្មេងរូបនេះ ក៏ត្រូវប្រឈមមុខនឹងភ្លើងសង្គ្រាមដែលបន្តញ៉ាំញីសង្គមកម្ពុជាផងដែរ។

ដៃម្ខាងប្រឹងប្រែងកសាងសេដ្ឋកិច្ចជាតិ និងរុញច្រានជីវភាពប្រជាជន និងដៃម្ខាងទៀត បានប្រឹងប្រែងក្នុងការស្វះស្វែងរកសុខសន្តិភាពតាមរយៈការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ។ ទីបំផុតមេដឹកនាំវ័យក្មេងរបស់កម្ពុជាតេជោ សែន បានបិទបញ្ចប់ទាំងស្រុងនូវភ្លើងសង្គ្រាមនាឆ្នាំ១៩៩៨ ដែលជាការរកមកនូវសុខសន្តិភាព និងការឯកភាពជាលើកដំបូងនៅក្នុងសង្គមកម្ពុជា ក្រោយការបែកបាក់ចក្រភពអង្គរ។

ក្នុងរយៈពេលប្រមាណ ៣៦ឆ្នាំ ក្នុងតំណែងជាអ្នកទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិ និងប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេមើលឃើញថា ជាមេដឹកនាំដ៏លេចធ្លោ មានភាពប៉ិនប្រសប់ក្នុងការដឹកនាំជាតិ។ សមិទ្ធផលធំជាច្រើនក្រោមការដឹកនាំរបស់សម្តេចតេជោ ត្រូវបានរំលេចឡើងជាបន្តបន្ទាប់។

ក្រៅតែពីការរកសុខសន្តិភាព និងការបង្រួមបង្រួមជាតិនៅឆ្នាំ១៩៩៨ ដែលជាមរតកដ៏ធំ និងមានគុណតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់សង្គមកម្ពុជាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន ដោយរក្សាបាននូវកំណើនចន្លោះ ៧ភាគរយជាប់គ្នា រយៈពេល២០ឆ្នាំចុងក្រោយ, រហូតធ្វើឱ្យកម្ពុជាងើបចេញពីឋានៈប្រទេសក្រីក្រ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានប្រឹងប្រែងជំរុញអត្រាភាពក្រីក្រឱ្យធ្លាក់មកនៅកាន់តែទាបក្នុងរង្វង់ប្រមាណ ១០ភាគរយប៉ុណ្ណោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ការឈរជើងជម្នះរាល់ការលំបាក ដើម្បីជាតិ និងប្រជាជនកម្ពុជា បាននាំឱ្យសម្តេចតេជោ ហ៊ុន សែន ក្លាយទៅជាមេដឹកនាំដែលទទួលបានការគោរពស្រឡាញ់ និងបោះឆ្នោតគាំទ្រតាមបែបលទ្ធិប្រជាធិបតេយ្យ ឱ្យធ្វើជានាយករដ្ឋមន្ត្រីរយៈពេល៦អាណត្តិជាប់ៗគ្នា ដោយគ្មានបុគ្គលណាមកឈរលើតំណែងនេះជំនួសបានឡើយ។

ក្នុងថ្ងៃខួបកំណើតគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ គំរូវីរភាពនៃការដឹកនាំជាច្រើនរបស់សម្តេច ត្រូវបានគូសរំលេចឡើងដោយស្ថាប័នសង្ឃ និងថ្នាក់ដឹកនាំមកពីស្ថាប័នធំៗរបស់ជាតិ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។

គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានគូសរំលេចថា ក្នុងនាមជាប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលប្រកបដោយវីរភាពដ៏អង់អាច ឈ្លាសវៃ និងប៉ិនប្រសប់ សម្តេចតេជោ ហ៊ុន សែន តែងយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី គោរពបម្រើយ៉ាងស្មោះស្ម័គ្រក្នុងបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ តាមរយៈទេពកោសល្យ គតិបណ្ឌិត សក្តានុពល និងឧត្តមភាពយ៉ាងក្លៀវក្លា ដោយបាននាំមកនូវសុខសន្តិភាព ស្ថិរភាព នយោបាយ ឯកភាពជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់សង្គម។

គណៈសង្ឃនាយកបានគូសបញ្ជាក់យ៉ាងដូច្នេះ «សម្តេចតេជោនាយករដ្ឋមន្ត្រី តែងយកចិត្តទុកដាក់ និងគិតគូរជាប់ជាប្រចាំដល់សុខុមាលភាព និងជីវភាពរស់នៅរបស់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងកម្មករ-កម្មការិនី និងព្រះសង្ឃគ្រប់វត្តអារាម ដោយបានដាក់ចេញ់នូវគោលនយោបាយអាទិភាពនានា ក្នុងគោលដៅលើក កម្ពស់កិច្ចគាំពារសង្គម កាន់តែប្រសើរឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាពិសេសក្នុងបរិបទកូវីដ១៩ នេះ បានជួយទំនុកបម្រុងដល់ព្រះភិក្ខុ សាមណេរ និងពុទ្ធបរិស័ទ ព្រមទាំងប្រជាជនខ្មែរទាំងអស់ក្នុងគ្រាគ្រោះអាសន្ន នៃជំងឺកូវីដ១៩ បានខិតខំស្វះស្វែងរកវ៉ាក់សាំងមកចាក់ការពារដល់អាត្មាភាព ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់គ្នា ឱ្យបានរួចផុតពីគ្រោះកូវីដ១៩ ដ៏សាហាវឃោរឃៅនេះ»

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឺទ្ធសភា បានគូសរំលេចថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឱ្យកម្ពុជាទទួលបាននូវសុខសន្តិភាពយ៉ាងពេញលេញ ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍលើគ្រប់វិស័យ។

សម្តេច សាយ ឈុំ ក៏បានគូសរំលេចផងដែរ ពីកិច្ចប្រឹងប្រែងរបស់សម្តេចតេជោ ក្នុងការដោះស្រាយបញ្ហាទាំងឡាយបង្កឡើងដោយជំងឺកូវីដ១៩។ សម្តេចប្រធានព្រឹទ្ធសភា បានលើកឡើងថា រយៈពេលកន្លងមកនេះ ក៏ដូចក្នុងឆ្នាំ២០២១ សម្តេចតេជោនាយករដ្ឋមន្ត្រី បាននិងកំពុងដឹកនាំរាជរដ្ឋាភិបាលជម្នះលើឧបសគ្គដ៏ធំ ហើយបានដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការជាច្រើន ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីការពារសុខុមាលភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។ រហូតមកដល់ពេលនេះប្រជាជនជាង ៧០ភាគរយ ត្រូវបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។

«នេះជាភស្តុតាង នៃភាពជាអ្នកដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្តេចតេជោ ដែលធ្វើឱ្យប្រជាពលរដ្ឋគាំទ្រ និងកោតសរសើរអំពីវិរភាពរបស់សម្តេច។ មានសម្តេចតេជោនាយករដ្ឋមន្ត្រី ជាអគ្គមគ្គទេសក៍ ប្រជាជនកម្ពុជា នឹងបន្តទទួលបាននូវសេចក្តីសុខ និងសុភមង្គល ហើយព្រះរាជាណាចក្រកម្ពុជា នឹងបន្តទទួលបាននូវកិត្យានុភាព និងឧត្តមភាពល្បីរន្ទឺទូទាំងសាកលលោក»។ នេះជាការបញ្ជាក់របស់សម្តេច សាយ ឈុំ។

សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ដែលបានដឹកនាំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ ទោះបីក្នុងកាលៈទេសៈ នៃការរាលដាលជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញផែនការអនុវត្តជាជំហ៊ានៗ នូវវិធានការផ្នែកសុខាភិបាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពិសេសបានខិតខំស្វែងរកវ៉ាក់សាំងទាន់ពេលវេលា សម្រាប់ចាក់ជូនប្រជាពលរដ្ឋគ្រប់ៗគ្នា និងបានឧបត្ថម្ភជាសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ដើម្បីជួយសម្រួលដល់បន្ទុកចំណាយរបស់ប្រជាជន ហើយក៏បានពុះពារជម្នះរាល់ឧបសគ្គគ្រប់បែបយ៉ាង ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា សម្តេចតេជោជាគំរូមគ្គទ្ទេសក៍ដឹកនាំដ៏ប៉ិនប្រសប់ និងប្រាកដនិយម។ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបូជាអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដឹកនាំប្រទេសជាតិរហូតសម្រេចបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដែលជាធនធានដ៏សំខាន់មិនអាចខ្វះបាន សម្រាប់ទ្រទ្រង់ដល់កិច្ចអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជឿនលឿនទៅមុខ។

លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានសំដែងនូវការគោរពដឹងគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលកន្លងមកក៏ដូចជាពេលបច្ចុប្បន្ន សម្តេចបានខិតខំប្រឹងប្រែងបូជាអស់កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុការពារទឹកដី ផ្សះផ្សា បង្រួបបង្រួមជាតិ នាំមកនូវសុខសន្តិភាពយ៉ាងពេញលេញជូនជាតិ និងប្រជាជន ជាពិសេសក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ១៩។

លោកស្រីរដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានលើកឡើងថា «ជានិច្ចកាលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះ សុខុមាលភាព សន្តិសុខ សុវត្ថិភាព និងអាយុជីវិត របស់ប្រជាជនគ្រប់រូប ធ្វើឱ្យកម្ពុជារក្សាបាននូវស្ថិរភាពសេដ្ឋកិច្ច និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ»

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសម្តែងនូវការគោរពស្ញប់ស្ញែងចំពោះគុណូបការៈដ៏ធំធេងរបស់សម្តេចតេជោ ដែលបានតស៊ូលះបង់សព្វបែបយ៉ាងទាំងកម្លាំងកាយចិត្ត គំនិតប្រាជ្ញា និងសេចក្តីសុខផ្ទាល់ខ្លួន រួមទាំងអាយុជីវិតធ្វើពលិកម្មប្តូរយកសុខសន្តិភាព ការបង្រួបបង្រួមជាតិ និងបានធ្វើឱ្យប្រទេសកម្ពុជាប្រែក្លាយពីសង្គ្រាមរ៉ាំរ៉ៃមកជាប្រទេសដែលមានឯកភាពជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីពេញលេញ ព្រមទាំងមានការអភិវឌ្ឍលើគ្រប់វិស័យ។

នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងយ៉ាងដូច្នេះ «សម្តេចតេជោ បានបង្ហាញឱ្យសកលលោក បានស្គាល់អំពីកិត្យានុភាពឧត្តមភាពនៃការដឹកនាំប្រកបដោយបទពិសោធន៍ និងការប្រើប្រាស់ទេពកោសល្យដ៏ប៉ិនប្រសប់ ក្នុងការដោះស្រាយវិបត្តិនយោបាយ ដែលជាសំណល់នៃអតីតកាលតាមរយៈនយោបាយឈ្នះ-ឈ្នះ ព្រមទាំងបានចូលរួមរកដំណោះស្រាយបញ្ហាស្ថិរភាពសន្តិសុខ និងការប្រឈមនានាទាំងក្នុងតំបន់ និងអន្តរជាតិ ពិសេសការចាត់វិធានការឆ្លើយតបបន្ទាន់ជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍»

ក្រៅតែពីទស្សនៈដែលបានលើកឡើងខាងលើ គេបានសង្កេតឃើញលើបណ្តាញសង្គម ក៏មានការផ្ញើសារនានាជូនពរសម្តេចតេជោ ក្នុងថ្ងៃកំណើត ហើយបានសម្តែងនូវការស្ញប់ស្ញែង និងគោរពដឹងគុណចំពោះវីរភាពរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងកិច្ចខិតខំដឹកនាំ និងកសាងសង្គមកម្ពុជាឱ្យទទួលបាននូវភាពរីកចម្រើន និងជម្នះបាននូវការលំបាកជាច្រើនសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

ពួកគេបានមើលឃើញថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យសង្គមកម្ពុជាមានការរីកចម្រើន លេចឡើងនូវកេត្យានុភាពជាតិ ប្រជាពលរដ្ឋរស់នៅក្នុងជីវភាព និងឋានៈមួយថ្លៃថ្នូរជាមនុស្សជាតិ ផ្ទុយពីជាង ៤០ឆ្នាំមុន ដែលត្រូវរស់ក្នុងក្នុងសមុទ្រឈាម និងទឹកភ្នែក៕

">

">

">

">