(ភ្នំពេញ)៖ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងថា អ្នកកាសែត​ដែលកំពុងបំពេញការងារលើវិជ្ជាជីវៈនៅក្នុងប្រ​ទេសកម្ពុជា មិនអាចជាប់ពន្ធធនាគារ ដោយគ្រាន់តែការសរសេរ ឬធ្វើការបញ្ចេញមតិតាមរយៈសារព័ត៌មាននោះ។ នេះបើយោងតាម​ការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកម្ពុជា AKP។

AKP បានឲ្យដឹងថា ការថ្លែងរបស់លោក ខៀវ កាញារីទ្ធ បានធ្វើឡើងក្នុងឱកាសដែលរូបលោក អនុញ្ញាតឲ្យសមាគមអ្នកកាសែតថៃ ចូលជួបសំណេះសំណាលការងារលើវិស័យព័ត៌មាននាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ។

លោក ខៀវ កាញារីទ្ធ បានថ្លែងថា ក្រសួងព័ត៌មាន​បានផ្ដល់អាជ្ញាប័ណ្ណដល់សារព័ត៌មានគ្រប់ប្រភេទ​សម្រាប់ធ្វើការផ្សព្វផ្សាយព័ត៌​មាន ហើយរាជរដ្ឋាភិបាល​មិនដែលបិទសារព័ត៌មាន ឬគេហទំព័រណាមួយ ដែលបង្ហាញអំពីការផ្ដល់សិទ្ធិសេរីភាព​គ្រប់គ្រាន់​ក្នុងការ​បញ្ចេញមតិតាមរយៈ​សារព័ត៌មាននៅកម្ពុជានោះទេ។

លោករដ្ឋមន្រ្តីបន្តថា ក្រសួងព័ត៌មាន បានដើរតួនាទីជាអ្នកសម្រួលដល់អ្នកសារព័ត៌មានទាំងជាតិ និងអន្ដរជាតិ​ដោយមិនមានការត្រួតពិនិត្យ មុននឹងការចេញផ្សាយ​ហើយផ្ដល់ភាពងាយ​ស្រួលគ្រប់​បែបយ៉ាងដល់អ្នកដែលចង់ឈរឈ្មោះបើកកាសែត បើទោះបីជាជនជាតិខ្មែរក្ដី ឬជនជាតិបរទេសក្ដី។ លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា «អ្នកកាសែតដែលគ្រាន់តែបញ្ចេញមតិ មិនអាចជាប់ពន្ធធនាគារ ឬមានទោសទណ្ឌនោះទេ»។

លោក ខៀវ កាញារីទ្ធ ក៏បានប្រាប់ទៅសមាគមអ្នកកាសែតថៃផងដែរថា នៅពេលកម្ពុជា និងថៃមានបញ្ហាជម្លោះព្រំដែន កើតឡើង​រវាងប្រទេសទាំងពីរ សមាគមអ្នកកាសែតថៃ និងក្លឹបអ្នក​កាសែត​កម្ពុជា បានសហការក្នុងការផ្លាស់ប្ដូរព័ត៌មាន​គ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងណាកុំឱ្យមានបញ្ហាកើតឡើងដល់ប្រជាជន និងប្រជាជន ឬអាជីវកររកស៊ីនៃប្រទេសទាំងពីរ ដោយជួយឱ្យមានដំណើរអាជីវកម្ម នៃភាគីទាំងពីរជាធម្មតា និងមិនបានធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខ និងការរស់នៅអ្វីនោះទេ៕