(កណ្ដាល)៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ អាជ្ញាធរសមត្ថកិច្ចជាច្រើន ចុះទៅបើកធ្វើវេទិកាសាធារណៈនៅកណ្ដាលបឹងអតីតឡូត៍នេសាទ ស្ថិតក្នុងភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បន្ទាប់ពីមានប្រជាពលរដ្ឋជាច្រើនរស់នៅក្នុង ស្រុកកៀនស្វាយ និងស្រុកស្អាងរាប់រយគ្រួសារ បានប្ដឹងទៅអាជ្ញាធរខេត្តដោយចោទប្រកាន់ថា ឧកញ៉ា ឡោក ហួរ ដែលជាសមាជិករដ្ឋសភាមណ្ឌលបាត់ដំបង និងជាឈ្មួញរកស៊ីដីធ្លី បានរំលោភបំពានយកដីរបស់ពួកគាត់ និងដីអតីតឡូត៍នេសាទដែល សម្ដេចតេជោ ហ៊ុន សែន រំសាយចោលទុកឲ្យប្រជាពលរដ្ឋធ្វើការនេសាទជាលក្ខណៈគ្រួសារ។

វេទិកាសាធារណៈដែលបើកធ្វើនៅកណ្ដាលបឹង លើដីអតីតឡូត៍នេសាទរបស់រដ្ឋ បច្ចុប្បន្នត្រូវឧកញ៉ា ឡោក ហួរ កាយទំនប់ព័ន្ធយកនេះ គេឃើញមានប្រជាពលរដ្ឋចូលរួមប្រមាណជាង ៤០០នាក់ ដោយក្នុងនោះគេសង្កេតឃើញមានទាំងវត្តមាន អ្នកស្រី ហែម សុភាព អតីតប្រធានអង្គការកាំហ្វិត ដែលអង្គការនេះកន្លងមកមានដីនៅតំបន់នោះចំនួន ២០០០ហិកតា បច្ចុប្បន្នក្លាយជាដីរបស់ឧកញ៉ា ឡោក ហួរ ចូលរួមផងដែរ។ ប៉ុន្តែវេទិកានេះគេមិនបានឃើញភាគីឧកញ៉ា ឡោក ហួរ ចូលរួមនោះទេ។

តាមប្រជាពលរដ្ឋដែលលើកឡើងនៅក្នុងវេទិកាសាធារណៈបានឲ្យដឹងថា មានសំណូមពរចំនួន២ចំណុច ដែលពួកគាត់ទាមទារឲ្យអាជ្ញាធរដោះស្រាយ ដោយទី១ ករណីឧកញ៉ា ឡោក ហួរ រំលោភបំពានយកដីរបស់ពួកគាត់ និងទី២ ឧកញ៉ា ឡោក ហួរ រំលោភយកដីបឹងអតីតឡូត៏នេសាទលេខ៤ និងឡូត៏លេខ៦ ​នៅក្នុងស្រុកកៀនស្វាយ និងស្រុកស្អាងលើកទំនប់ព័ទ្ធយកមិនឲ្យប្រជាពលរដ្ឋចូលធ្វើការនេសាទបាន។

ក្រោយប្រជាពលរដ្ឋឡើងថ្លែងទុក្ខ និងសំណូមពរ សូមឲ្យអាជ្ញាធរខេត្តជួយដោះស្រាយជូនពួកគាត់ ចុងក្រោយលោកអភិបាលខេត្ត ទទួលយកសំណូមពររបស់ពួកគាត់ទៅដោះស្រាយ និងឆ្លើយតបវិញនៅពេលក្រោយដោយ វេទិកាសាធារណៈនេះបានអូសបន្លាយ តាំងពីព្រឹករហូតដល់ ម៉ោង១២ថ្ងៃត្រង់ទើបចប់។

ពាក់ព័ន្ធនឹងសំណុំរឿងនេះ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានសន្យាថា នឹងដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានឆាប់ ហើយលោកអភិបាលខេត្ត នឹងកាន់ដោះស្រាយករណីទំនាស់ដីធ្លីផ្ទាល់តែម្តង។

ប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា រឿងរ៉ាវដីព្រៃលិចទឹកដែលជាជម្រកត្រីពងកូន និងដីបឹងអតីតឡូត៍នេសាទនៅក្នុងស្រុកកៀនស្វាយ ស្រុកស្អាងនេះ គឺមានសភាពស្មុគស្មាញណាស់ ដោយសារតែប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានឈ្មួញអ្នកមានអំណាចនាំគ្នារំលោភយក ហើយលក់ពីម្ចាស់មួយទៅម្ចាស់មួយបង្កើតជាជំលោះចាក់ស្រេះ ដោយក្នុងនោះតាមអ្នកដឹងរឿងបានបង្ហើបឲ្យដឹងថា គ្រាន់តែឧកញ៉ាឡោក ហួរ ម្នាក់ គាត់មានដីនៅតំបន់នោះរហូតដល់ជិត ៣០០០ហិកតាឯណោះ។

ពាក់ព័ន្ធករណីប្រជាពលរដ្ឋធ្វើការចោទប្រកាន់ទៅលើ ឧកញ៉ាឡោក ហួរ រំលោភយកដីរបស់ពួកគាត់ និងដីបឹងសាធារណៈខាងលើនេះ នៅរសៀលថ្ងៃនេះ Fresh News មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺពីឧកញ៉ាបានឡើយ ដោយគ្មានលេខទូរស័ព្ឌ៕

ខាងក្រោមនេះជាវីដេអូ ស្ដីពីវេទិកាសាធារណៈរវាង លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ជាមួយប្រជាពលរដ្ឋរងគ្រោះ៖

អភិបាលខេត្តកណ្ដាល ចុះបើកវេទិកាសាធារណៈនៅកណ្ដាលដីបឹង ដែលឧកញ៉ា ឡោ...

អភិបាលខេត្តកណ្ដាល ចុះបើកវេទិកាសាធារណៈនៅកណ្ដាលដីបឹង ដែលឧកញ៉ា ឡោក ហួរ រំលោភយកពីប្រជាពលរដ្ឋ(កណ្ដាល)៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ អាជ្ញាធរសមត្ថកិច្ចជាច្រើន ចុះទៅបើកធ្វើវេទិកាសាធារណៈនៅកណ្ដាលបឹងអតីតឡូត៍នេសាទ ស្ថិតក្នុងភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បន្ទាប់ពីមានប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងស្រុកកៀនស្វាយ និងស្រុកស្អាង រាប់រយគ្រួសារបានប្ដឹងទៅអាជ្ញាធរខេត្តចោទប្រកាន់ថា ឧកញ៉ា ឡោក ហួរ បានរំលោភបំពានយកដីរបស់ពួកគាត់ និងដីអតីតឡូត៍នេសាទដែល សម្ដេចតេជោ ហ៊ុន សែន រំសាយចោលទុកឲ្យប្រជាពលរដ្ឋធ្វើការនេសាទជាលក្ខណៈគ្រួសារ។http://www.freshnewsasia.com/index.php/en/20787-2016-03-25-11-07-54.html

Posted by Fresh News on Friday, March 25, 2016