(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអំពាវនាវអាស៊ានបូកបី (ASEAN+3) ឬ APT ផ្តោតការយកចិត្តទុកដាក់ លើកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាព៤។ ការអំពាវនាវរបស់ ប្រមុខការទូតកម្ពុជា បានធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី លើកទី២២ ដែលបានធ្វើឡើងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពប្រកបដោយអត្ថន័យ ក្នុងការអនុវត្តផែនការការងារកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (២០១៨-២០២២) និងទន្ទឹងដល់ការអភិវឌ្ឍផែនការការងារកិច្ចសហប្រតិបត្តិការអាស៊ានបូកបីថ្មី សម្រាប់ឆ្នាំ ២០២៣-២០២៧។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងឱកាសនៃកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្រ្តី បានអំពាវនាវឱ្យផ្តោតការយកចិត្តទុកដាក់ លើកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពចំនួន៤ រួមមាន (១)សន្តិសុខសុខភាពសាធារណៈ ការកសាង (២)សមត្ថភាពរបស់វិស័យសហគ្រាសមីក្រូ ធុនតូច និងមធ្យម (៣)ផលិតផលកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ និង(៤)ថាមពលប្រកបដោយចីរភាព នៅក្នុងការអភិវឌ្ឍផែនការការងារកិច្ចសហប្រតិបត្តិការអាស៊ានបូកបីថ្មី សម្រាប់ឆ្នាំ ២០២៣-២០២៧»។

កិច្ចប្រជុំបានទទួលស្គាល់នូវតួនាទីនាំមុខនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងបានទទួលស្គាល់អំពីជំនួយរបស់ប្រទេសបូកបី ជូនដល់ប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាការរួមចំណែករបស់ប្រទេសបូកបី ជួយដល់គំនិតផ្តួចផ្តើមនានារបស់អាស៊ានក្នុងប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។

កិច្ចប្រជុំរំពឹងដល់ការផ្តល់សច្ចាប័ន និងចូលជាធរមានឱ្យបានឆាប់នូវកិច្ចព្រមព្រៀងស្តីពីភាពជា ដៃគូនៃសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) ដើម្បីអាចទាញយកផលប្រយោជន៍សេដ្ឋកិច្ចជាក់ស្តែងពីកិច្ចព្រមព្រៀងនេះ សម្រាប់តំបន់ទាំងមូល។

សូមជម្រាបថា ASEAN+3 មានន័យថា ប្រទេសអាស៊ានទាំង១០ បូកថែមប្រទេសបីទៀតរួមមាន ចិន ជប៉ុន និងកូរ៉េខាងត្បូង។ ដំណើរការកិច្ចសហប្រតិបត្តិការ នៃអាស៊ានបូកបី បានចាប់ផ្តើមឡើង នៅខែធ្នូ ឆ្នាំ១៩៩៧៕