(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជំរុញឲ្យក្រុមហ៊ុន China Everbright International របស់ចិន វិនិយោគលើប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់​គ្រងកាក​សំណល់ និងថាមពល គ្រាដែលក្រុមហ៊ុន ចង់វិនិយោគលើប្រព័ន្ធបច្ចេកវិទ្យាអភិវឌ្ឍថាមពលបរិស្ថាន បរិស្ថានទឹកស្អាត និងបច្ចេកវិទ្យាបៃតងនៅកម្ពុជា។

ការជំរុញរបស់លោក ស៊ុន ចាន់ថុល បានធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ក្នុងពេលជួបពិភាក្សាលោក Liu Jun អនុប្រធានក្រុមហ៊ុន China Everbright International ។

យោងតាម Facebook របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងជំនួបពិភាក្សានេះ លោក Liu Jun បានលើកបង្ហាញអំពីឯកទេស និងប្រតិបត្តិការរបស់ក្រុមហ៊ុន ក្នុងការផ្តល់ដំណោះ​ស្រាយបច្ចេកទេស ដើម្បីអភិវឌ្ឍថាមពលបរិស្ថាន បរិស្ថានទឹកស្អាត និងបច្ចេកវិទ្យាបៃតងនៅក្នុងតំបន់។

លោក Liu បានស្នើសុំការណែនាំពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទាក់ទងនឹងកាលានុវត្តភាពវិនិយោគ នៅកម្ពុជាក្នុងកិច្ចការពារបរិស្ថាន រួមទាំង ថាមពលករកើតឡើងវិញ និងថាមពលទឹកស្អាត ការគ្រប់គ្រងកាកសំណល់ និង ការបន្សុទ្ធទឹកជាដើម។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញការគាំទ្រយ៉ាងមុតមាំ ចំពោះក្រុមហ៊ុន China Everbright ដែលបានចាប់អារម្មណ៍ ក្នុងការជំរុញបច្ចេកវិទ្យាថាមពលស្អាត និងបច្ចេកវិទ្យាបៃតង​នៅកម្ពុជា ជាពិសេសក្នុងវិស័យគ្រប់គ្រងកាកសំណល់ និងវិស័យថាមពល។

លោក ស៊ុន ចាន់ថុល បានស្នើឲ្យគណៈប្រតិភូក្រុមហ៊ុនពិភាក្សាបន្ថែម​អំពីកាលានុវត្តភាព​លើបញ្ហាទាំងនេះ ជាមួយក្រសួងរ៉ែ និងថាមពល និង ក្រសួងបរិស្ថាន៕