(ភ្នំពេញ)៖ តាមរយៈស្ថានកុងស៊ុលកិត្តយសកម្ពុជា ប្រចាំតំបន់ Tohoku ដែលមានការិយាល័យនៅទីក្រុង Sendai ប្រទេសជប៉ុន និង លោក SHOJI Yusunoki ប្រធានតំណាងឲ្យគម្រោង «TUX PROJECT» ព្រមទាំងសមាជិកជាច្រើននាក់ទៀត បានផ្តល់គ្រឿងឧបភោគបរិភោគ មានដូចជា អង្ករ ត្រីខកំប៉ុង មី និងសម្ភារប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃជាច្រើនទៀត ជូនទៅស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន សម្រាប់ចែកជូនពលរដ្ឋខ្មែរនៅប្រទេសជប៉ុន ដែលឆ្លងជំងឺកូវីដ-១៩ និងកំពុងរងផលប៉ះពាល់ខ្លាំងដោយសារជំងឺកូវីដ-១៩។

ការឧបត្ថម្ភ បានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។ នៅក្នុងឱកាសនោះផងដែរ លោក អ៉ឹង រចនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានបំពាក់រូបសញ្ញាតំណាងឲ្យមិត្តភាពកម្ពុជា-ជប៉ុន ជូនសមាជិកទាំងអស់គ្នាទុកជាអនុស្សាវរីយ៍។

សូមបញ្ជាក់ផងដែរថា គម្រោង «TUX PROJECT» បានជួយឧបត្ថម្ភគាំទ្រដល់ខ្មែរ ដែលកំពុងរស់នៅប្រទេសជប៉ុនតាំងពីឆ្នាំ២០២០មក។ គម្រោងនេះ ក៏បានបង្កើតវិទ្យាស្ថានបច្ចេកវិទ្យា IT មួយ ដែលមានឈ្មោះថា «TUX GLOBAL INSTITUTE» ដែលជាវិទ្យាស្ថានបណ្តុះបណ្តាលព័ត៌មានវិទ្យានៅរាជធានីភ្នំពេញ។ ទន្ទឹមហ្នឹងនេះ គម្រោង «TUX PROJECT» បានចូលរួមសកម្មភាពសង្គមផ្សេងៗ ដែលទាក់ទងទៅនឹងការគាំទ្រវិស័យអប់រំ ដូចជាការផ្តល់ជូននូវសម្ភារៈសិក្សាទៅសាលាបឋមសិក្សា នៅតាមជនបទដាច់ស្រយាល់ផងដែរ។

គម្រោង «TUX PROJECT» ប្តេជ្ញាថា នឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយប្រជាជនកម្ពុជា លើវិស័យផ្សេងៗឲ្យកាន់តែមានតម្លាភាព ក្នុងនាមទំនាក់ទំនងល្អ ប្រជាជនល្អ រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន៕