(កំពង់ឆ្នាំង)៖ ដោយមើលឃើញពីស្ថានភាពអ្នកជំងឺកូវីដ១៩ ចូលសម្រាកក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង មានចំនួនច្រើនឡើងៗ និងខ្វះឧបករណ៍បំពង់អុកស៊ីហ្សែន លោកឧកញ៉ា លី ម៉ាន នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ តាមរយៈកូនប្រុសរបស់លោក បាននាំយកបំពង់អុកស៊ីហ្សែ ១០បំពង់ ប្រគល់ជូនមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ដើម្បីរួមចំណែកជាមួយមន្ទីរពេទ្យ ក្នុងការជួយសង្គ្រោះដល់ពលរដ្ឋដែលត្រូវការជំនួយខ្យល់អុកស៊ីហ្សែន។

កូនប្រុសលោកឧកញ៉ា លីម៉ាន បានបញ្ជាក់ប្រាប់ថា រយៈពេលថ្មីៗកន្លងទៅនេះ ឪពុករបស់លោកបានជួយបំពង់អុកស៊ីហ្សែន ដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ៥បំពង់ ម្ដងរួចមកហើយ តែជាតម្រូវការខាងមន្ទីរពេទ្យត្រូវការបំពង់អុកស៊ីហ្សែនជាច្រើនទៀត ដើម្បីសង្គ្រោះអ្នកជំងឺកូវីដ-១៩ នៅតាមមណ្ឌលព្យាបាលជាច្រើនមណ្ឌល ក្នុងខេត្តកំពង់ឆ្នាំង ទើបឪពុករបស់លោកបានជួយបំពង់អុកស៊ីហ្សែនចំនួន ១០បំពង់បន្ថែមទៀត។

លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានកោតសរសើរនូវទឹកចិត្តសប្បុរសធម៌របស់លោកឧកញ៉ា លី ម៉ាន ដែលបានរួមចំណែកជាមួយមន្ទីរ ពេទ្យ ក្នុងការជួយឧបត្ថម្ភបំពង់អុកស៊ីហ្សែនពីរលើក ដែលមានបំពង់អុកស៊ីហ្សែនសរុប១៥បំពង់ ជួយសង្គ្រោះដល់អ្នកជំងឺទូទៅនៅក្នុងមន្ទីរពេទ្យ ដែលត្រូវការខ្យល់ អុកស៊ីហ្សែនដើម្បីជំនួយផ្លូវដង្ហើម។

លោកវេជ្ជបណ្ឌិត ក៏បានជូនពរដល់លោកឧកញ៉ា និងក្រុមគ្រួសារ ឲ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងសុខភាពល្អបរិបូណ៍ ទាំងក្រុមគ្រួសារ និងសម្រេចបានគ្រប់ ភារកិច្ចការងារ៕