(សៀមរាប)៖ ប្រជាពលរដ្ឋជាង ៣ពាន់នាក់ទៀត នៅក្នុងស្រុកអង្គរធំ ខេត្តសៀមរាប មិនទាន់ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅឡើយ។ លោកឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមសម្របសម្រួលការងារចាក់វ៉ាក់សាំងស្រុកអង្គរធំ បានអំពាវនាវដល់អាជ្ញាធរចុះជួយជំរុញអ្នកមិនទាន់បានចាក់នោះ ឱ្យទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា។

ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១ ជូនប្រជាពលរដ្ឋក្នុងស្រុកអង្គរធំ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដំណាក់កាលទី១ បានបិទបញ្ចប់ហើយនៅសប្តាហ៍កន្លងទៅ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារចាក់វ៉ាក់សាំងក្នុងសប្តាហ៍នេះ លោកឧត្តមសេនីយ៍ឯក ស ថាវី បានឱ្យដឹងថា ប្រជាពលរដ្ឋក្នុងស្រុកអង្គរធំ ដែលត្រូវចាក់វ៉ាក់សាំងមានចំនួនប្រមាណ ១៧,៨៦៣នាក់។ ប៉ុន្តែអ្នកមកចាក់វ៉ាក់សាំងមានចំនួនត្រឹមតែ ១៥,៤០០នាក់ប៉ុណ្ណោះ។

តាមទិន្នន័យនេះ មានប្រជាពលរដ្ឋជាង ២ពាន់នាក់ទៀតមិនទាន់បានមកចាក់វ៉ាក់សាំងនៅឡើយ។ ក្នុងកិច្ចប្រជុំបូកសរុបការងារចាក់វ៉ាក់សាំងនោះ លោកឧត្តមសេនីយ៍ឯក ស ថាវី ដែលបានឈរជើងជួយសម្របសម្រួលការចាក់វ៉ាក់សាំងនោះ បានស្នើដល់អាជ្ញាធរមូលដ្ឋានជួយរកអ្នកមិនទាន់បានចាក់វ៉ាក់សាំង ហើយជំរុញពួកគាត់មកចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា។

«នេះជាការសោកស្តាយមួយដែលប្រជាពលរដ្ឋយើងមិនបានមកចាក់វ៉ាក់សាំង។ យើងត្រូវបន្តអប់រំ ណែនាំ និងជំរុញពួកគាត់មកចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា។ បើយើងចាក់ជូនពួកគាត់មិនបានគ្រប់គ្នាទេ យើងមិនអាចបង្កើតភាពសុាំក្នុងសហគមន៍ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩បានឡើយ»។ នេះជាការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ស ថាវី ក្នុងកិច្ចប្រជុំបូកសរុបការងារនោះ។

បើទោះជាយ៉ាងណាលោក ស ថាវី បានវាយតម្លៃថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដំណាក់កាលទី១ រយៈពេលជិត២០ថ្ងៃ នៅក្នុងស្រុកអង្គរធំ ទទួលបានលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់។

ក្នុងនាមជាប្រធានសម្របសម្រួលការងារចាក់វ៉ាក់សាំងនេះ លោក ស ថាវី បានថ្លែងកោតសរសើរក្រុមការងារចាក់វ៉ាក់សាំង នៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្រសួងការពារជាតិ ដែលបានប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់លើការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។

លោក ស ថាវី ក៏បានថ្លែងអំណរគុណអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានជួយសម្របសម្រួលការងារចាក់វ៉ាក់សាំង, អរគុណប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលបានចូលរួមគាំទ្រយុទ្ធនាការជាតិចាក់វ៉ាក់សាំងរបស់រដ្ឋបាលមូលដ្ឋាន ហើយបានទៅចាក់វ៉ាក់សាំងក្នុងចំនួនមួយដ៏ច្រើន។

លោកប្រធានសម្របសម្រួលការងារចាក់វ៉ាក់សាំងរូបនេះ ក៏បានថ្លែងអំណរគុណសមាជិក សមាជិកា ក្រុមការងារចុះជួយស្រុកអង្គរធំទាំងអស់ ដែលបានជួយសម្របសម្រួល និងសហការជាមួយស្រុក ឃុំ ប្រមែរប្រមូលប្រជាពលរដ្ឋមកចាក់វ៉ាក់សាំង និងបានជួយឧបត្ថម្ភសម្ភារ មធ្យោបាយ ការអប់រំ ឱ្យប្រជាពលរដ្ឋអនុវត្តឱ្យមានប្រសិទ្ធភាពលើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩៕