(ភ្នំពេញ)៖ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា នៅពេលយប់ថ្ងៃទី០៣ ខែសីហា អាជ្ញាធរមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ បានអនុវត្តបម្រាមគោចរ ដោយសារឃាត់ម៉ូតូ រថយន្តចំនួន ១៥២គ្រឿង ក្នុងនោះរថយន្ត ៣៨គ្រឿង និងម៉ូតូ ១១៤គ្រឿង។

បើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៤ ខែសីហា ថា «សម្រាប់ការអនុវត្តនូវបំរាមគោចរនេះដែរ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ២១នាក់ ដោយក្នុងនោះចំនួន ១៦នាក់ នៅខណ្ឌជ្រោយចង្វារ ដែលល្មើសនឹងបំរាមគោចរ និងមានជាតិស្រវឹង, នៅខណ្ឌកំបូល ១នាក់ ជេរប្រមាថសមត្ថកិច្ច, ខណ្ឌទួលគោក ១នាក់ ផឹកស៊ីស្រវឹងល្មើសនឹងបំរាមគោចរ និងមនុស្សចំនួន ៣នាក់ទៀត ត្រូវបានឃាត់ខ្លួននៅខណ្ឌពោធិ៍សែន ដែលជួបជុំផឹកស៊ីល្មើសនឹងបំរាម»

អាជ្ញាធរបានប្រើប្រាស់យន្តការផាកពិន័យ អប់រំ និងរក្សាទុកយានយន្ត ចំពោះម្ចាស់ឃាត់យានយន្ត ដែលល្មើសបម្រាមគោចរនេះ។

សូមជម្រាបថា សាលារាជធានីភ្នំពេញ បានដាក់ចេញបម្រាមគោចរ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣៖៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ បានឃាត់យានយន្តសរុបចំនួន ១,២០៥គ្រឿង ក្នុងនោះរថយន្ត៣៤៥គ្រឿង និងម៉ូតូ៨៦០គ្រឿង៕