(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចូលរួមដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ-អាមេរិកលើកទី២ ជាមួយ លោក អេនតូនី ប្លីនខេន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ និងមានការអញ្ជើញចូលរួមរបស់រដ្ឋមន្រ្តីការបរទេសនៃ បណ្តាប្រទេសជាសមាជិកមេគង្គដទៃទៀត។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ-អាមេរិកលើកទី២ បានពិនិត្យមើលពីមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ជាងមួយទសវត្សរ៍ នៃកិច្ចសហការរវាងសហរដ្ឋអាមេរិក និងបណ្តាប្រទេសមេគង្គ ដែលផ្តោតសំខាន់លើការពង្រឹងការតភ្ជាប់ ការធ្វើសមាហរណកម្មសេដ្ឋកិច្ច អភិបាលកិច្ចល្អ និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍនៅក្នុងអនុតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យជាអាទិភាព ចំនួន៤ រួមមាន៖ (១)ការតភ្ជាប់សេដ្ឋកិច្ច (២)ការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្ស និងការការពារបរិស្ថាន (៣)សន្តិសុខមិនប្រពៃណី និង(៤)ការអភិវឌ្ឍធនធានមនុស្ស។

រដ្ឋមន្រ្តីទាំងអស់បានគូសបញ្ជាក់ជាថ្មីម្តងទៀត អំពីភាពចាំបាច់នៃការបន្តកិច្ចសហប្រតិបត្តិការ រួមគ្នា ក្នុងការលុបបំបាត់ជំងឺរាតត្បាតសកលកូវីដ-១៩ ការការពារចំពោះការផ្ទុះឡើងនៅថ្ងៃអនាគត និងការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩។ ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីការបរទេសនៃប្រទេសមេគង្គបានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានសន្យាផ្តល់ជំនួយ៥២លានដុល្លារអាមេរិកដល់ប្រទេសមេគង្គ។

ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោះស្រាយនូវបញ្ហាប្រឈមទូទៅ រួមមាន ការប្រែប្រួលអាកាសធាតុ និងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម ដើម្បីស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គមប្រកបដោយប្រសិទ្ធភាព ។

លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា ប្រទេសមេគង្គ មានប្រជាជនសរុបចំនួន ២៤០លាននាក់ ដែលក្នុងនោះ ៤០ភាគរយ មានអាយុក្រោម២៥ឆ្នាំ ដែលធ្វើអោយតំបន់នេះ ក្លាយជាមជ្ឈមណ្ឌលទាក់ទាញសម្រាប់ឧស្សាហកម្មផលិតកម្មធុនស្រាល និងការធ្វើសមាហរណកម្មបន្ថែមទៅក្នុងសង្វាក់ផ្គត់ផ្គង់ផលិតកម្មពិភពលោក។ សហរដ្ឋអាមេរិកបាននាំចេញនូវទំនិញ និងសេវាកម្មប្រមាណ២៦ពាន់លានដុល្លារអាមេរិក មកកាន់អនុតំបន់មេគង្គ និងនាំចូលវិញប្រមាណ៨៩,៩៤ពាន់លានដុល្លារអាមេរិក។ កម្ពុជាសង្ឃឹមថា នឹងបន្តមានវិស័យឯកជនបន្ថែមទៀត ចូលមកវិនិយោគលើ វិស័យទេសចរណ៍ សហគ្រាសធុនតូច និងមធ្យម និងវិស័យជាអាទិភាពដទៃទៀតនៅកម្ពុជា ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងកំឡុងពេល និងក្រោយវិបត្តិជំងឺកូវីដ-១៩ នេះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្តែងការគាំទ្រ និងស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមបង្កើតកិច្ចសន្ទនាគោលនយោបាយសមភាពយេនឌ័រដែលផ្តោតលើ៖ ១៖ ការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រី ដោយផ្តោតលើការស្តារឡើងវិញក្រោយកូវីដ-១៩ និងវិបត្តិអាកាសធាតុ ២៖ ស្ត្រី សន្តិភាព និងសន្តិសុខដោយផ្តោតលើភាពជាអ្នកដឹកនាំរបស់ស្ត្រី និង ៣៖ ការការពារ និងឆ្លើយតបទៅនឹងអំពើហឹង្សាផ្អែកលើយេនឌ័រ ដោយសង្ឃឹមថា កម្មវិធីទាំងនេះនឹងផ្តល់នូវធាតុចូល និងអនុសាសន៍ដែលមានប្រសិទ្ធភាពលើវិធីពង្រឹងសមត្ថភាពស្ត្រី និងចូលរួមវិភាគទានដល់វឌ្ឍនភាពសង្គម។ កម្ពុជាតាមរយៈក្រសួងកិច្ចការនារី បានត្រៀមខ្លួនជាស្រេច ដើម្បីសហការជាមួយសហរដ្ឋអាមេរិក និងប្រទេសជាសមាជិក ដើម្បីសម្រេចនូវគោលដៅរួមនេះ៕