(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រកាសពីការរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន ១០៧ករណីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ខណៈព្យាបាលជាសះស្បើយចំនួន ៤នាក់ និងស្លាប់១នាក់ នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដទាំង ១០៧នាក់ ក្នុងនោះអ្នកជំងឺចំនួន ៦៨នាក់ ជាពលករកំពុងធ្វើចត្តាឡីស័ក និងចំនួន ៣៩នាក់ទៀត រកឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ភាគច្រើនជាប្រជាពលរដ្ឋរស់នៅក្រុងសំរោង។ចំណែកអ្នកស្លាប់ដោយជំងឺកូវីដ.១៩ចំនួន១នាក់មានឈ្មោះភិត ហាត ភេទស្រីអាយុ៦៥ឆ្នាំ រស់នៅនៅភូមិគោកវត្ត ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ១៩ ចំនួន ៥,០៣២ករណី ក្នុងនោះករណីនាំចូលពីបរទេសចំនួន ៤,៥៩២ករណី និងករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ចំនួន ៥០៣ករណី បានព្យាបាលជាសះស្បើយចំនួន៩៨៧នាក់ កំពុងសម្រាកព្យាបាលចំនួន ៤,០៣៦នាក់ និងស្លាប់បាត់បង់ជីវិត ៩នាក់ផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖