(​ញូ​ដេលី​)៖ យ៉ាងហោច​ណាស់​មនុស្ស ៣០​នាក់​ស្លាប់ និង​ជាង ៤០​នាក់​ទៀត​រងរបួស បន្ទាប់​ពី​ការសប្បាយ រីករាយ​បានប្រែក្លាយ​ទៅជា​អំពើ​ហិង្សា និង​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​ការបើក​បរពេ​ល​ស្រវឹង​នៅ រដ្ឋ Uttar Pradesh ប្រទេស​ឥណ្ឌា​។ នេះ​បើ​តាម​របាយការណ៍​ចុងក្រោយ ដែល​ចេញផ្សាយ​ដោយ​ស៊ិន​ហួរ នៅ​មុន​នេះ​បន្តិច នា​រសៀល​ថ្ងៃ​សុក្រ ទី​២៥ ខែ​មីនា ឆ្នាំ​២០១៦​។​

​អាជ្ញាធរ​រដ្ឋ​ខាងលើនេះ បាន​អះអាង​ថា មនុស្ស​ស្លាប់​ទាំងនោះ​គឺ​ស្ថិតនៅ​តំបន់​ផ្សេង​គ្នា​នៃ​រដ្ឋ ហើយ​អំពើហិង្សា និង ការធ្វេសប្រហែស​របស់​ប្រជាជន បាន​កើតឡើង​ជា​ច្រើន​ក​រ​ណី ដែល​ជាហេតុ​នាំ​ឲ្យ​អាជ្ញាធរ​ពិបាក​គ្រប់គ្រង ទើប​បណ្តោយ​ឲ្យមាន​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់​បែបនេះ​។

​មនុស្ស​ស្លាប់​ចំនួន ១៩​នាក់ គឺ​នៅ​ទីក្រុង Lucknow របស់​រដ្ឋ Uttar Pradesh ដោយសារតែ​ពួកគេ​ឈ្លោះ ប្រកែក​គ្នា រហូត​កើតជា​ហិង្សា និង​មួយចំនួន​ទៀត​បាន​ស្លាប់​ដោយ​តែ​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង​ដោយ​គ្រឿង​ស្រវឹង​។ គួរបញ្ជាក់​ថា ពិធីបុណ្យ​លាប​ពណ៌​បាន​ធ្វើឡើង​ទូទាំងប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ​មាន​តែ​រដ្ឋ​មួយ​ប៉ុណ្ណោះ ដែល​កើត​គ្រោះថ្នាក់​រហូតដល់​មាន​មនុស្ស​បាត់បង់​ជីវិត​ច្រើន​៕​