(ព្រះសីហនុ)៖ មេធាវីម្នាក់ត្រូវបានគេរាយការណ៍ថា បានលង់ទឹកសមុទ្របាត់ខ្លួននៅឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ ខណៈកំពុងងូតទឹកជាមួយមិត្តភក្តិមួយក្រុម ហើយក៏ត្រូវរលកបោកបក់យកទៅបាត់ នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ ហើយរហូតមកដល់យប់ថ្ងៃនេះ ជនរងគ្រោះមិនទាន់ត្រូវបានរកឃើញនៅឡើយទេ។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច និងអ្នកមុជទឹកជំនាញ តាមស្វែងរកជនរងគ្រោះ ដែលបានបាត់ខ្លួន ប៉ុន្តែនៅមិនទាន់រកឃើញនោះទេ គិតត្រឹមវេលាម៉ោងជិត១០យប់ថ្ងៃនេះ។ ជនរងគ្រោះត្រូវបានសមត្ថកិច្ច និងប្រធានគណៈមេធាវីបញ្ជាក់ថា មានឈ្មោះ ជូ ជាគុយ អាយុ២៩ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ ហើយបានទៅលេងក្រុងព្រះសីហនុជាមួយមិត្តភក្តិ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា រហូតមកដល់យប់នេះ កម្លាំងសមត្ថកិច្ច និងអ្នកមុជទឹកជំនាញមិនទាន់រកឃើញជនរងគ្រោះនៅឡើយទេ ក្រោយបាត់ខ្លួនកាលពីរសៀលមកម្ល៉េះ។ លោកឧត្តមសេនីយ៍ស្នងការបានបន្តថា ជនរងគ្រោះបានងូតទឹកលេងជាមួយមិត្តភក្តិ ប៉ុន្តែដោយសារមានរលកធំៗពេក ក៏ទាញជនរងគ្រោះបាត់ទៅ។

លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា ក៏បានបញ្ជាក់ថា ជនរងគ្រោះជាសមាជិកមេធាវីរបស់លោក។ នៅពេលនេះលោកអភិបាលខេត្ត រួមសហការជាមួយខាងគណៈមេធាវីប្រចាំនៅខេត្តព្រះសីហនុ បាននិងកំពុងដឹកនាំការស្វែងរកជនរងគ្រោះ តែមិនទាន់ឃើញនោះទេ។

ក្រោយកើតហេតុនៅវេលាម៉ោង ៨ និង៣០ នាទីយប់ថ្ងៃនេះ លោក គួច ចំរើន បានដឹកនាំបញ្ជាផ្ទាល់ ក្នុងប្រតិបត្តិការ នៃការស្វែងរកជនរងគ្រោះ ដែលបានបាត់ខ្លួន។ ប្រតិបត្តិការនៃការស្វែងរកបុរសជនរងគ្រោះខាងលើនេះ កំពុងបន្តធ្វើ ដោយមានការចូលរួមសហការពីក្រុមអ្នកមុជទឹក របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអ្នកមុជទឹកស្ម័ក្រចិត្តកោះរ៉ុងផងដែរ៕