(កណ្ដាល)៖ លោក យី យ៉េន ត្រូវបានតែងតាំងជាអភិបាលស្រុកមុខកំពូល ជំនួសលោក តុង ស៊ីវមី ដែលត្រូវផ្ទេរទៅបម្រើការងារនៅក្រសួងធនធានទឹក និងឧតុនិយមវិញ។

ដែលពិធីប្រកាសចូលកាន់តំណែងជាអភិបាលស្រុកមុខកំពូលនេះ ធ្វើឡើងនារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនៅសាលាស្រុកមុខកំពូល ក្រោមអធិបតីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ព្រមទាំងមន្ត្រីជាច្រើននាក់ផ្សេងទៀត។

ស្ថិតនៅក្នុងពិធីប្រកាសនេះ លោក គង់ សោភ័ណ្ឌ ជំរុញឱ្យអាជ្ញាធរស្រុកមុខកំពូល យកចិត្តទុកដាក់ គ្រប់គ្រងប្រយុទ្ធទប់ស្កាត់ឱ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសប្រភេទ Delta ថ្មី ដោយដាក់ចេញវិធានការឆ្លើយតបជាបន្ទាន់ក្នុងការកំណត់មុខសញ្ញ និងការស្វែងរកអត្តសញ្ញាណអ្នកពាក់ព័ន្ធ ព្រមទាំងការពិនិត្យព្យាបាល ដោយក្នុងនោះត្រូវពិនិត្យវាយ តម្លៃលើលក្ខខណ្ឌឱ្យបានច្បាស់លាស់តាមនីតិវិធីស្តង់ដារ។

លោកអភិបាលខេត្តកណ្ដាល បានបន្តទៀតថា អាជ្ញាធរស្រុកមុខកំពូលត្រូវយកចិត្តទុកដាក់លើការងារផ្សព្វផ្សាយ និងជំរុញដល់បងប្អូនប្រជាពលរដ្ឋ ឱ្យនាំកូនចៅ ដែលគ្រប់អាយុពី១២ឆ្នាំ ដល់១៧ឆ្នាំ ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់គ្រប់ៗគ្នា និងតាមផែនការដែលបានកំណត់។

បន្ថែមពីនេះផងដែរ លោកអភិបាលខេត្តកណ្ដាល បានស្នើដល់អាជ្ញាធរស្រុក ត្រូវបន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ លុបបំបាត់ឱ្យបាននូវបទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាល្បែងស៊ីសង បទល្មើសនេសាទ និងបញ្ហាគ្រឿងញៀន ក្មេងទំនើង និងបន្តយកចិត្តទុដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវលក្ខណៈសម្បត្តិទាំង ៧យ៉ាងរបស់គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងត្រូវបន្តខិតខំយកចិត្តទុកដាក់លើការងារផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាល ដោយត្រូវប្រកាន់យកនូវគោលការណ៍បីជាសំខាន់គឺ ធ្វើឱ្យបានធ្វើឱ្យលឿនធ្វើឱ្យមានតម្លាភាព ហើយគោរព ទៅតាមតម្លៃសេវាដែលកំណត់ក្នុងច្បាប់។

ទន្ទឹមនឹងពិធីនេះដែរ លោក យី យ៉ន អភិបាលស្រុកថ្មី បានប្ដេជ្ញាគោរពតាមគោលការណ៍ណែនាំរបស់ថ្នាក់លើដោយដាក់ចិត្តដាក់កាយបំរើការងារឱ្យបានល្អបំផុត និងបំតើពលរដ្ឋទូទាំងស្រុកមុខកំពូលប្រកបដោយសេចក្ដីរីករាយ និងគោរពប្រជាពលរដ្ឋ ក្នុងបំណងធ្វើយ៉ាងណាដឹកនាំស្រុកមុខកំពូលឱ្យទទួលបានអភិបាលកិច្ចល្អ មានការរីកចំរើនលើវិស័យផ្សេងៗ និងបង្កើនសេដ្ឋកិច្ចពលរដ្ឋឱ្យមានជីវភាពធូរធារ ពិសេសគឺយុទ្ធនាការប្រឆាំងកូវីដនឹងត្រូវអនុវត្តន៍ប្ដូរផ្ដាច់ធ្វើឱ្យបានល្អបំផុតក្នុងទិសដៅកាត់ផ្ដាច់មិនឱ្យការឆ្លងតទៅមុខទៀតនោះទេ៕