(​ព្រុច​សែ​ល​)៖ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក លោក John Kerry បាន​ទៅដល់​ទីក្រុង​ព្រុច​សែ​ល ប្រទេស​បែ​ល​ហ្ស៊ី​ក នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ ដើម្បី​ចូលរួម​រំលែក​ទុក្ខ ក្រោយ​កើតមាន​ករណី​អំពើ​ភេរវកម្ម ដែល​បង្កឡើង​ដោយ​ក្រុម ISIS ដោយ​មាន​មនុស្ស ៣៤​នាក់​ស្លាប់ និង​ជាង ២៥០​នាក់​រងរបួស នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ AP នៅ​មុន​នេះ​បន្ដិច​។​

​ក្រៅពី​ចូលរួម​រំលែក​ទុក្ខ លោក John Kerry នឹង​ត្រូវ​ចូលរួម​នៅ​ក្នុង​កិច្ចពិភាក្សា​ប្រឆាំង​ភេរវកម្ម​ជាមួយ​បណ្ដា​ប្រទេស​នៅក្នុង​សហភាព​អឺរ៉ុប (EU)​ផងដែរ​។ អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​អាមេរិក បានបញ្ជាក់​ថា លោក John Kerry នឹង​តំណាង​ឲ្យ​សហរដ្ឋអាមេរិ​ក ចូលរួម​រំលែក​ទុក្ខ​ដល់​ប្រទេស​បែ​ល​ហ្ស៊ី​ក ជាពិសេស​គឺ​ក្រុម​គ្រួសារ​ជនរងគ្រោះ ដែល​បាន​បាត់បង់​ជីវិត និង​រងរបួស​នៅក្នុង​ករណី​ភេ​វរ​កម្ម​ដ៏​សាហាវ​មួយ​នេះ​។​

រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាមេរិក​រូប​នេះ ទើបតែ​ចាកចេញ​ពី​ប្រទេស​រុស្ស៊ី បន្ទាប់ពី​បាន​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​លើ​ក​ទី​៣ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergey Lavrov និង​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ទៅលើ​ដំណោះស្រាយ​សន្តិភាព នៅក្នុង​ប្រទេស​ស៊ី​រី និង​កិច្ចព្រមព្រៀង​ទីក្រុង Minsk ស្តី​ពី​ប្រទេស​អ៊ុ​យក្រែន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​អាកាសយានដ្ឋាន និង​នៅ​ចំណត​រថភ្លើង​ក្រោម​ដី កណ្ដាល​ទីក្រុង​ព្រុច​សែ​ល បាន​សម្លាប់​មនុស្ស ៣៤​នាក់ និង​របួស​ជាង ២៥០​នាក់ ដោយ​អំពើ​ភេរវកម្ម​នេះ ជា​ទង្វើ​របស់​ក្រុម ISIS៕​