(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមាមជ័យ បានជំរុញដល់កងកម្លាំងនគរបាលការពារព្រំដែនជួរមុខ ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបរាល់បទល្មើស ជាពិសេសបទល្មើសឆ្លងដែនខុសច្បាប់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បំប្លែងថ្មី Delta។

ខណៈពេលនេះប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មីនេះ ជាច្រើនករណី នៅតាមបណ្តារាជធានី-ខេត្ត មួយចំនួនផងដែរ។

ការជំរុញបែបនេះ របស់លោកស្នងការបានធ្វើឡើង ក្នុងឱកាសចុះសួសុខទុក្ខ និងត្រួតពិនិត្យការរៀបចំសណ្តាប់ធ្នាប់ កងកម្លាំងការពារព្រំដែនជួរមុខ មានវរៈសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨០៧ កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួក និងកម្លាំងដែលឈរជើងបិទខ្ទប់ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ព្រំប្រទល់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានផ្តាំផ្ញើដល់កង់កម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ ចំពោះសុខភាពរបស់ ខ្លួនឱ្យបានខ្ពស់ និងអនុវត្តវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល គឺ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន។

ឧត្តមសេនីយ៍ទោ ក៏បាននាំយកអំណោយរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ រួមមាន៖ គ្រឿងឧបភោគ បរិភោគ មានទឹកបរិសុទ្ធវីតាល់, ម៉ាស និងរបាំងពាក់មុខ មកចែកជូនកងកម្លាំងតាមគោលដៅ និងកម្លាំងចម្រុះកំពុងបំពេញបេសកកម្មបិទខ្ទប់ព្រំប្រទល់ខេត្តជាប់បន្ទាត់ព្រំដែនកម្ពុជា-ថៃ៕