(កោះកុង)៖ លោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការសាងសង់ និងជួសជុសខេត្តកោះកុង និងលោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងជាអនុប្រធានអនុគណៈកម្មការគ្រប់គ្រង និងចាត់ចែងសាកសពអ្នកជំងឺកូវីដ១៩ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ បានក្រុមការងារចម្រុះថ្នាក់ខេត្ត អាជ្ញាធរស្រុកបូទុមសាគរ និងអ្នកពាក់ព័ន្ធ ចុះពិនិត្យទីតាំងរៀបចំឈាបនដ្ឋានបូជាសពអ្នកជំងឺកូវីដ១៩ ស្ថិតក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ។

ជាលទ្ធផល ក្រោមការសម្របសម្រួលរបស់ក្រុមការងារ ផ្លូវក្រាលគ្រួសក្រហម ១ខ្សែ សម្រាប់តភ្ជាប់ទៅដល់ឈាបនដ្ឋាន និងត្រូវបានសាងសង់ក្នុងពេលដ៏ខ្លីខាងមុខនេះ ដោយមានការចូលរួមបច្ចេកទេស និងគ្រឿងចក្រ ពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមានការចូលរួមបរិច្ចាកដីគ្រួសក្រហម ពីលោក សាញ់ មុន្នីរ័ត្ន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដែលលោកមានដីកម្មសិទ្ធិឯកជន នៅមិនឆ្ងាយប៉ុន្មានពីទីតាំងរៀបចំឈាបនដ្ឋានបូជាសពអ្នកជំងឺកូវីដ១៩នេះ។

ចំពោះការជីកគូទឹក ប្រឡាយ ព័ទ្ធជុំវិញ ក្រុមការងារ ទទួលពិនិត្យលទ្ធភាព និងបានណែនាំឱ្យអាជ្ញាធរស្រុក និងឃុំពាក់ព័ន្ធធ្វើការសម្របសម្រួលបញ្ចប់ជាមួយប្រជាពលរដ្ឋ ដែលមានដីចំការ និងទីបញ្ចុះសពបុព្វការីជន ប៉ះពាល់នឹងគម្រោងសាងសង់នេះ ជាមុនសិន។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានស្នើឱ្យមន្ទីរជំនាញ អាជ្ញាធរស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ អនុវត្តឱ្យមានប្រសិទ្ធភាព ឈរលើស្មារតីទទួលខុសត្រូវ និងប្រកាន់ភ្ជាប់នូវវិធានការរបស់រាជរដ្ឋាភិបាល «៣ការពារ និង៣កុំ» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺបំប្លែងថ្មីផងដែរ៕