(ភ្នំពេញ)៖ អត្ថបទនេះគឺជាការឆ្លើយតបទៅនឹងអត្ថបទរបស់លោក Charles McDermid ដែលបានចុះផ្សាយនៅក្នុងកាសែត The New York Times នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ដែលមានចំណងជើងថា «ទីនោះធ្លាប់ជាកន្លែងប្រណីត។ ឥឡូវកន្លែងទាំងនោះបានក្លាយជាមណ្ឌលឃុំឃាំងកូវីដដ៏អាណោចអាធម (grim Covid camps)» ដែលការបរិយាយបែបនេះគឺប្រាសចាកពីតថភាពពិតនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ។

កាសែតនេះកំពុងប្រាប់ពិភពលោកថា កម្ពុជាកំពុងឃុំឃាំងប្រជាជានខ្លួនឯង ក្នុងកាលៈទេសៈនៃជំងឺរាតត្បាតដោយមិនមានការព្យាបាល។ វាជាការពិតដែលថា កម្ពុជាជាប្រទេសតូច និងទន់ខ្សោយ។ ប្រជាជនកម្ពុជាក៏ដឹងច្បាស់ពីការពិតនេះដែរ ហើយយើងគ្មានការលាក់លៀមអ្វីទាំងអស់។ នរណាក៏អាចមើលឃើញ និងដឹងលឺពីស្ថានភាពខ្វះខាតនៃទីតាំងព្យាបាល និងចត្តាឡីស័កកូវីដ ហើយអ្នកនៅក្នុងទីតាំងនោះផ្ទាល់តែងតែចែករំលែករូបថត និងវីដេអូជាក់ស្តែង នៅលើបណ្តាញផ្សព្វផ្សាយសង្គម។

វាគឺជាការពិតដែលកម្ពុជាកំពុងស្ថិតនៅក្នុង «បន្ទាត់ក្រហម» ហើយការរអ៊ូរទាំគឺជាការចៀសមិនផុត ហើយរាជរដ្ឋាភិបាលក៏បានប្រកាសជាសាធារណៈដោយ គ្មានលាក់លៀមអំពី ស្ថានភាពធ្ងន់ធ្ងរនៃការរាតត្បាតនេះដែរ។

រាជរដ្ឋាភិបាលថែមទាំងបានអនុញ្ញាតឱ្យមានការព្យាបាលនៅតាមផ្ទះ ដោយសារបុគ្គលិកសុខាភិបាលកំពុងព្យាយាមទប់ទល់នឹងការកើនឡើងនៃករណីឆ្លង ដូច្នេះ ហើយបានជាការធ្វើតេស្តិ៍មានភាពយឺតយ៉ាវខ្លះ ហើយការពិនិត្យថែទាំអ្នកជំងឺ ឬពលរដ្ឋដែលជាប់ចត្តាឡីស័ក អាចមានការខ្វះចន្លោះ។

ដោយសារតែខ្វះបុគ្គលិកសុខាភិបាល កម្ពុជាបានចលនាពេទ្យយោធា និងពេទ្យស្ម័គ្រចិត្ត ឱ្យចូលរួមជួយគាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំង និងព្យាបាលអ្នកជំងឺថែមទៀត។
ប៉ុន្តែកាសែត New York Times កំពុងតែបំភាន់សាធារណៈមតិនៅពេលដែលកាសែតនេះបរិយាយថា កម្ពុជាបានធ្លាក់ដល់កម្រិតក្លាយជា «មណ្ឌលឃុំឃាំងកូវីដដ៏អាណោចអាធម» ហើយថា អាជ្ញាធរកម្ពុជាកំពុងឃុំឃាំងពលរដ្ឋខ្លួនឯង។

ជាមួយនឹងធនធានដែលកម្ពុជាមាននៅក្នុងការទប់ស្កាត់ជំងឺរាតត្បាតដ៏កាចសាហាវនេះ ហេតុអ្វីបានជាកាសែតនេះហ៊ានបរិយាយថា ស្រុកខ្មែរ «អាណោចអាធម» នៅពេលដែលរដ្ឋញូវយ៉កខ្លួនឯងមានករណីឆ្លងជាងពីរលាននាក់ និងស្លាប់៥ម៉ឺន៣ពាន់នាក់ បើទោះបីជារដ្ឋញូវយ៉កខ្លួនឯងមានធនធានហិរញ្ញវត្ថុដ៏ធំមហិមា និងមានបុគ្គលិកសុខាភិបាល និងប្រព័ន្ធសុខាភិបាលដ៏ទំនើបផុតលេខនោះ?

ឥឡូវយើងប្រៀបធៀបទាំងអស់គ្នាលើតួលេខជាក់ស្តែង។ រដ្ឋញូវយ៉កមានប្រជាជន ១៩លាននាក់ គឺមិនសូវខុសគ្នាប៉ុន្មានជាមួយនឹងកម្ពុជាដែលមានប្រជាជន ១៦លាននាក់នោះទេ។ តែបើគិតពីទំហំសេដ្ឋកិច្ច រដ្ឋញូវយ៉កមានផលិតផលក្នុងស្រុកសរុប (ផសស) លើសពី ១,៥ទ្រីលានដុល្លារ ហើយស្រុកខ្មែរមានតែប្រមាណ ២៥ប៊ីលានដុល្លារប៉ុណ្ណោះ គឺធំលើសកម្ពុជា ៦០ដង។ បើមើលពីអត្រាចាក់វ៉ាក់សាំងនៅញូវយ៉កមានលើស ៧០% ហើយកម្ពុជាក៏មានប្រហែល ៧០%ដែរ។ ហើយគិតត្រឹមពេលបច្ចុប្បន្ននេះ កម្ពុជាមានករណីឆ្លងលើសពី៧ម៉ឺននាក់ និងស្លាប់ជាង ១ពាន់៣រយនាក់។ នេះគឺវាខុសគ្នាឆ្ងាយណាស់ជាមួយនឹងករណីឆ្លង និងការស្លាប់ដោយសារកូវីដនៅរដ្ឋញូវយ៉ក។

នៅពេលដែលកាសែតនេះខិតខំរំលេចថា កម្ពុជានៅតែមានករណីឆ្លងទោះបីជាពលរដ្ឋខ្មែរបានចាក់វ៉ាក់សាំងរួចហើយនោះ កាសែតនេះគឺកំពុងតែបំភាន់សាធារណៈមតិទាំងងងឹតងងល់ ដោយមើលរំលងនូវការពិតវេជ្ជសាស្ត្រដែលគ្រប់គ្នាបានដឹងលឺហើយថា នៅពេលបានចាក់វ៉ាក់សាំងហើយក៏ដោយ ក៏មិនអាចធានាថាមិនអាចឆ្លង ១០០% នោះដែរ ហើយបើសិនជាឆ្លង វ៉ាក់សាំងអាចជួយត្រឹមបន្ធូរបន្ថយកុំឱ្យមេរោគវាយលុកធ្ងន់ធ្ងរដល់អ្នកចាក់វ៉ាក់សាំងរួច។
នៅអាមេរិកក៏ដូចគ្នាដែរ សូម្បីតែសមាជិកសភារបស់ខ្លួន និងមន្ត្រីនៅសេតវិមានមួយចំនួន ដែលបានចាក់វ៉ាក់សាំងរួចហើយក្តី ក៏ពួកគេនៅតែឆ្លងជំងឺកូវីដដែរ។
គ្មាននរណាអាចមើលស្រាលស្ថានការណ៍នៃការឆ្លងរាលដាលដ៏កាចសាហាវនេះបានឡើយ។ កម្ពុជាបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីកាត់បន្ថយករណីឆ្លង ការពារសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋខ្លួន និងខិតខំធានាថាគ្មានអ្នកជំងឺណាដែលមិនទទួលបានការពិនិត្យព្យាបាល។

ជាការពិត កម្ពុជាមិនមែនធ្វើការនេះតែម្នាក់ឯងនោះទេ។ អង្គការសុខភាពពិភពលោកនៅជាមួយកម្ពុជាជានិច្ច។ ប្រទេសជាមិត្តជាច្រើន រួមទាំងអាមេរិក បាននិងកំពុងជួយគាំទ្រកម្ពុជា តាមរយៈការផ្តល់វ៉ាក់សាំង ថ្នាំពេទ្យ និងបរិក្ខារពេទ្យ តាមរយៈយន្តការទ្វេភាគីផង និងពហុភាគីផង។ ហើយកម្ពុជាខ្លួនឯងថែមទាំងបានជួយដល់ប្រទេសដទៃថែមទៀត បើទោះបីជាយើងជួបការលំបាកប៉ុណ្ណាក៏ដោយ។

ជាក់ស្តែងកាលពីខែកុម្ភៈ ឆ្នាំ២០២០ កម្ពុជាបានសុខចិត្តទទួលកប៉ាល់ទេសចរណ៍ Westerdam ដែលមានពលរដ្ឋអាមេរិក ៦៦២នាក់ នៅក្នុងចំណោមអ្នកដំណើរ ១៤៥៥នាក់ និងនាវិក ៨០២នាក់ នៅពេលដែលគ្មានប្រទេសណាហ៊ានទទួលឱ្យចូលចត បូករួមទាំងកោះ Guam ដែលជាទឹកដីរបស់អាមេរិកខ្លួនឯង។ កម្ពុជាបានផ្តល់ម៉ាស់ និងសម្ភារវេជ្ជសាស្ត្រមួយចំនួនដល់ប្រទេសឡាវ មីយ៉ាន់ម៉ា ទីម័រឡេស្តេ នេប៉ាល់ ហើយថ្មីៗនេះកម្ពុជាបានផ្តល់ម៉ាស់ ម៉ាស៊ីនផលិតអុកស៊ីសែន និងថវិកាមួយចំនួនថែមទៀតដល់ប្រទេសវៀតណាម ដើម្បីជួយវៀតណាមទប់ទល់នឹងការកើនឡើងយ៉ាងខ្លាំងនៃករណីឆ្លងរាតត្បាត។

ជនបរទេសដែលកំពុងស្នាក់នៅស្របច្បាប់ក្នុងប្រទេសកម្ពុជា ក៏ទទួលបានការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃដូចពលរដ្ឋខ្មែរដែរ។
កម្ពុជាមិនមែនជាប្រទេសអ្នកមានទេ ប៉ុន្តែយើងមិនមែនជាប្រទេសអាត្មានិយមនោះឡើយ។ ពេលដែលកម្ពុជានិយាយថា “គ្មានអ្នកណាមានសុវត្ថិភាពនោះទេ បើគ្រប់គ្នាមិនមានសុវត្ថិភាព” គឺកម្ពុជាហ៊ានថា ហ៊ានធ្វើ។

កម្ពុជាកំពុងខិតខំប្រឹងប្រែងសាងសង់ទីតាំងព្យាបាល និងចត្តាឡីស័កនៅតាមបណ្តាខេត្តនៅតាមព្រំដែន នៅពេលដែលក្នុងប្រទេសថៃមានការកើនឡើង ជាគំហុកនូវករណីឆ្លងវីរុសកូវីដបម្លែងថ្មី ហើយពលករកម្ពុជាជាច្រើនបានប្រញាប់ប្រញាល់ត្រលប់ចូលប្រទេសវិញ។
ពិតហើយថាទីតាំងទាំងនោះវាមិនប្រណីតដូចស្តង់ដារនៅញូវយ៉កនោះទេ ប៉ុន្តែ កម្ពុជាបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពតាមធនធានដែលខ្លួនមាន។
កម្ពុជាមិនអាចគេចវេសពីកាតព្វកិច្ចក្នុងការទទួល និងមើលថែពលរដ្ឋខ្លួនបានឡើយ ហើយកម្ពុជាក៏ត្រូវខិតខំធានាថា ករណីនាំចូលពីខាងក្រៅត្រូវស្ថិតនៅក្នុងកម្រិតទាបបំផុត ហើយព្យាយាមមិនឱ្យមានការរីករាលដាលឆ្លងសហគមន៍។

ជាមួយនឹងថវិកាដ៏តិចតួចស្តួចស្តើងរបស់ខ្លួន កម្ពុជាក៏ត្រូវប្រឈមមុខដោះស្រាយលើសពីបញ្ហាសុខាភិបាលទៅទៀត។ កម្ពុជាបាននិងកំពុងខិតខំកាត់បន្ថយរាល់ផលប៉ះពាល់ទាំងឡាយ លើផ្នែកសេដ្ឋកិច្ចសង្គម ដោយសារតែជំងឺរាតត្បាតដ៏កាចសាហាវនេះ។

កម្ពុជាបានដាក់ចេញវិធានការបញ្ចេញសាច់ប្រាក់ជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ, ផ្តល់ការឧបត្ថម្ភបៀវត្សរ៍កម្មករ, ផ្តល់កម្ចីការប្រាក់ទាប, ផ្តល់ការបន្ធូរបន្ថយពន្ធដើម្បីជួយសម្រាលដល់អាជីវករនៅក្នុងវិស័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ, ផ្តល់កម្មវិធីសាច់ប្រាក់ពលកម្មនៅតាមទីជនបទ, និងការគាំទ្រដល់សហគ្រាសធនតូច និងមធ្យម។ ជាតួលេខជាក់ស្តែង កម្ពុជាបាននិងកំពុងផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រជិត ៧សែនគ្រួសារ។ ទាំងអស់នេះគឺពិតជាមិនមែនជាកិច្ចការតូចតាចនោះឡើយ បើគិតពីទំហំធនធានដែលកម្ពុជាមាន។

អ្នកសិទ្ធិមនុស្សទាំងឡាយ មិនថាជនជាតិខ្មែរ ឬបរទេស គួរតែខិតខំជួយចូកជួយចែវ និងស្វែងរកការជួយគាំទ្រ នៅពេលដែលកម្ពុជាកំពុងតែជួបគ្រោះអាសន្ន ហើយពួកគេគួរតែបង្ហាញពីសាមគ្គីភាពជាធ្លុងមួយជាមួយនឹងប្រជាជនខ្មែរនៅក្នុងគ្រាលំបាកបែបនេះ។ ការបំភ្លៃថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាគឺជាការជិះជាន់សិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ គឺជាការឥរិយាបថដែលគ្មានការទទួលខុសត្រូវ និងអាត្មានិយមខ្លាំងណាស់ នៅពេលដែលប្រទេសជាតិទាំងមូលកំពុងស្ថិតក្នុងគ្រាលំបាក។

ស៊ឹម វីរៈ ទីប្រឹក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)