(ព្រះសីហនុ)៖ គ្រឿងញៀនចម្រុះជាង៤៦៨គីឡូក្រាម ត្រូវបានដុតកម្ទេចចោល នៅខេត្តខេត្តព្រះសីហនុ ក្រោមប្រធានបទ៖ «គ្មានគ្រឿងញៀន និងគ្មានជំងឺកូវីដ១៩ សហគមន៍មានសុវត្ថិភាព និងការអភិវឌ្ឍ» ដែលជាវត្ថុតាងរឹបអូសពីបទស្មើសគ្រឿងញៀន ចំនួន ២០៥សំណុំរឿង នៃសាលដំបូងខេត្តព្រះសីហនុ និងខេត្តកំពត។

ពិធីដុតកម្ទេចគ្រឿងញៀននេះ ត្រូវបានធ្វើឡើងខេត្តព្រះសីហនុ នៅក្នុងទីតាំងដីឡូតិ៍មួយកន្លែងនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ក្រោមវត្តមាននាយឧត្តមសេនីយ៍មាស វិរិទ្ធិ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងប្រតិភូតំណាងសាលាដំបូងខេត្ត សមាជិក សមាជិកា គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀននិងមានការចូលរួមពីមន្ត្រីមានសមត្ថកិច្ចចម្រុះក្នុងខេត្តតំបន់ឆ្នេរផងដែរ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១។

លោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ បានថ្លែងថា គ្រឿងញៀន គឺបំផ្លាញសុខភាព និងអនាគតប្រជាពលរដ្ឋ យុវជន ជាពិសេសសិស្សសានុសិស្សតាមមូលដ្ឋាន។ ដូច្នេះ មិនត្រូវលើកលែង ឬអត់ឱនឱ្យឧក្រិដ្ឋជនគ្រឿងញៀនណាម្នាក់ជាដាច់ខាត។

លោកបានបញ្ជាក់បន្ថែមថា គ្រឿងញៀន ដ៏ច្រេីនសន្ធឹកសន្ធាប់នេះប្រសិនបេីសមត្ថកិច្ចបង្រ្កាបមិនទាន់ពេលវេលានោះទេវានឹងពង្វក់ស្មារតីប្រជាពលរដ្ឋស្លូតត្រង់ ពិសេសយុវជនឱ្យប្រេីប្រាស់ដោយខុសច្បាប់បណ្តាលឱ្យខូចសុខភាព និងឈានដល់ប្រព្រឹត្តបទល្មេីសផ្សេងៗដូចជា៖ អំពេីឃាតកម្ម និងឧក្រិដ្ឋកម្ម អំពើហិង្សា បង្កភាពអសន្តិសុខក្នុងសង្គម និងសហគមន៍ជាដើម។

សារធាតុញៀនទាំងអស់នេះ ត្រូវបានដកហូតចេញពីសំណុំរឿងព្រហ្មទណ្ឌចំនួន២០៥ តាមអំណាចសាលក្រមស្ថាពរ និងដីកាសម្រេចរឹបអូសបំផ្លាញចោលនាពេលនេះមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក ប្រភេទថ្នាំ mdma ប្រភេទខេតាមីន ប្រភេទថ្នាំគ្រាប់ YW និងកញ្ឆាក្រៀម។

នេះគ្រាន់តែជាទិន្នន័យដែលដកហូតបានពីសំណុំរឿងដែលមានសាលក្រមដីកាសម្រេចស្ថាពររបស់សាលាដំបូងខេត្តព្រះសីហនុ និងសាលាដំបូងខេត្តកំពត តែប៉ុណ្ណោះ។ ចំនួននេះ គឺមានច្រើនគួរឱ្យកត់សម្គាល់ដែលអាចសន្មត់ថាបញ្ហាគ្រឿងញៀន គឺនៅតែជាបញ្ហាគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សង្គម។

ដើម្បីប្រប្រយុទ្ធប្រឆាំងគ្រឿងញៀន សូមអំពាវនាវដល់កងកម្លាំងអនុវត្តច្បាប់ និងប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់តាមទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន «៣កុំ ១រាយការណ៍»។

ទី១៖ កុំពាក់ព័ន្ធកុំជួញដូរ៖ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំគិត និងកុំប្រើប្រាស់គ្រឿងញៀន។
ទី២៖ កុំអន្តរាគមន៍៖ កុំរារាំងការអនុវត្តច្បាប់ចំពោះឧក្រិដ្ធជនគ្រឿងញៀនទោះ បីជាក្រុមគ្រួសារសាច់ញាតិ ឬមិត្តភក្កិក៏ដោយ។
ទី៣៖ កុំលើកលែង៖ កុំបន្ធូរបន្ថយការអនុវត្តច្បាប់ចំពោះឧក្រិដ្ធជនគ្រឿងញៀន។ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់និងស្មោះត្រង់វិជ្ជាជីវៈរបស់ខ្លួនហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់។

និង ១រាយការណ៍៖ ត្រូវរាយការណ៍ផ្ដល់ព័ត៌មានដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូ រចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលលិត និងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច៕